
ក្រុមជម្រើសជាតិថៃ របស់លោក Alexandré Pölking បន្តធ្វើបានល្អលើសការរំពឹងទុក ក្រោយយកឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Thammasat នារាត្រីថ្ងៃទី២៦ ខែធ្នូ ក្នុងពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។
អំឡុងការប្រកួតនៅនាទី៨៧ ចុងតង់ទី២ លោក Yudai Yamamoto អាជ្ញាកណ្តាលជនជាតិជប៉ុន ស្រាប់តែមានបញ្ហាសាច់ដុំបន្តិចបន្តួច ក៏សម្រេចផ្អាកការប្រកួតចំនួន៣០វិនាទី ដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យជួយសម្រួលបច្ចេកទេស មុនបន្តការប្រកួតរហូតបញ្ចប់៩០នាទី។

ខណ:លោក Josep Ferre គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្វីលីពីន ដែលទើបចូលកាន់តំណែងបានរយ:ពេល៣សប្តាហ៍ ហាក់ធ្វើមិនសូវបានល្អ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ និងចាញ់២ ដោយប្រកួតលើកទី១ចាញ់កម្ពុជា ៣-២ ប្រកួតទី២ឈ្នះប្រ៊ុយណេ ៥-១ និងប្រកួតទី៣ចាញ់ថៃ ៤-០។
រីឯក្រុមជម្រើសជាតិប្រ៊ុយណេ ក្រោមការដឹកនាំរបស់លោក Mario Rivera អស់ឱកាសឡើងទៅវគ្គបន្ត ក្រោយរងបរាជ័យក្រោមថ្វីជើង ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Kuala Lumpur ហើយនេះគឺជាបរាជ័យ៣ប្រកួតជាប់ៗគ្នា៕

