សិល្បៈជាតិ៖ ភាពយន្តចម្រៀងទី ២ «​ទុក្ខ​ស្រី​ប្ដី​ព្រាត់​»​ បន្ទាប់ពីភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» គឺបានលាតត្រដាងពីអារម្មណ៍ពិតរបស់ស្ត្រី​មាន​គភ៌​ដែលរស់រង​ទុក្ខ​ក្នុង​យុគ​សង្គ្រាម​នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ភាពយន្តនេះត្រូវបានដឹកនាំសម្ដែង និងសម្រិតសម្រាំងប្លង់សំខាន់ដោយ ឯកឧត្តម ហ្វៃ សំអាង។

បទច្រៀង «ទុក្ខស្រីប្ដីព្រាត់» ដែលជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំង និងជាស្នាដៃនិពន្ធទំនុកច្រៀងក្រោមស្នាដៃ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។ ចម្រៀងមួយបទនេះត្រូវបានបកស្រាយដោយអ្នកនាង ម៉េង កែវពេជ្ជតា និងផលិតដោយផលិតកម្មរស្មីហង្សមាសកាលពីអំឡុងឆ្នាំ ២០០០។

ចម្រៀងមួយនេះនេះនៅតែអង្រួនចិត្តអ្នកអានគ្រប់រូប ឱ្យដក់ចិត្តរកដកខ្លួនពុំរួចពីការនឹករលឹកដល់អតីតកាលរបស់គូរស្នេហ៍វ័យក្មេងដ៏កំសត់មួយគូ។ តាមការរៀបរាប់របស់សម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ៖

«ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថាខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាមពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុនគឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែរហូតជួបគ្នាជាថ្មី ដែលកូនប្រុសបងរបស់ខ្ញុំគឺម៉ាណែតបានហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវដែលមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ»។

ដូច្នោះហើយចំពោះស្នាដៃថ្មីនេះ អ្នកដឹកនាំសម្ដែងជើងចាស់រូបនេះបានជ្រើសតួឯកប្រុសសម្ដែងដោយលោក ប៉ាន់ ខែមម៉ានូ ជាតួអង្គសម្ដេចតេជោ ហ៊ុន សែន។ ចំណែកតួឯកស្រីកញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនដួងទៀត។ ហើយតារាចម្រៀងដែលមកបំពេរអារម្មណ៍ឱ្យអ្នកស្ដាប់កម្សត់តាមដល់ស្រក់ទឹកភ្នែក ត្រូវបានជ្រើសរើសនិងផ្ដល់កិត្តិយសបកស្រាយដោយកំពូលតារាចម្រៀងស្រី មាស សុខសោភា ។

សូមជម្រាបថាភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មហាជនរង់ចាំទស្សនាការសម្ពោធចាក់បញ្ចាំងសាច់រឿងទាំមូលជាផ្លូវការនៅក្នុង ផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV ៕

Share.