ភ្នំពេញ ៖ ក្មេងស្រី២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូស្កុបពីឌុបគ្នាល្បឿនលឿនជ្រុលទៅបុកពីមុខគ្រឿងចកហរ រ៉ូឡូ កិនថ្នល់ កំពុងបើកច្រាសទិស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុក្មេងស្រី២នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IG-4428 ឌុបគ្នាធ្វើដំណើរពីកើតទៅលិច ល្បឿនលឿនដល់ចំណុចកើតហេតុ រវល់តែជជែកគ្នា ជ្រុលទៅបុកពីមុខគ្រឿងចក្រ រ៉ូឡូ កិនថ្នល់ ដែលកំពុងបើកច្រាសទិស នៅផ្លូវម្ខាងទៀត សំណាងល្អអ្នកបើកបរហ្វ្រាំងឈប់ទាន់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកម៉ូតូកាច់បត់តួរជាពីរ ត្រូវបានក្រុមគ្រួសារក្មេងស្រី សុំធ្វើការសម្របសម្រួល ដោយមិនចង់ឲ្យវែងឆ្ងាយ ភាគីខាងគ្រឿងចក្រ ជួយចេញថ្លៃព្យាបាល និងថ្លៃជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.