
ឯកឧត្តម អាណាតូលី បូរ៉ូវីក បានសម្ដែងនូវការរំលែកមរណទុក្ខ និងសោកស្ដាយ ចំពោះឧបទ្ទវហេតុឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីបានថ្លែងនាឱកាសចូលជួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
សម្ដេចក្រឡាហោម ស ខេង ដែលទើបវិលត្រឡប់មកពីពិនិត្យដោយផ្ទាល់ដល់ទីតាំងឆេះអគារនៅក្រុងប៉ោយប៉ែត នាប៉ុន្មានម៉ោងមុនជំនួបនេះ បានថ្លែងអំណរគុណឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានចូលរួមរំលែកមរណទុក្ខ និងសោកស្ដាយចំពោះករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ។
កាស៊ីណូ២កន្លែងនៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ត្រូវបានអគ្កិភ័យលេបត្របាក់ខូចខាតស្ទើទាំងស្រុងកាលពីយប់ថ្ងៃទី២៨ ខែធ្នូ រហូតព្រឹកថ្ងៃទី២៩ ខែធ្នូ ដដែលទើបសមត្ថកិច្ចអាចគ្រប់គ្រងអគ្គិភ័យនេះបាន។ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូនេះ សមត្ថកិច្ចរកឃើញសពជនរងគ្រោះស្លាប់ប្រមាណ៣០នាក់ របួសជិត១០០នាក់។
សមត្ថកិច្ចបានសន្និដ្ឋានគ្រោះថ្នាក់នេះអាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ ហូតដល់ពេលនេះ កិច្ចប្រតិបត្តិការស្វែងរកជនរងគ្រោះនៅតែបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំ។ មិនមានការអះអាងមានជនជាតិរុស្ស៊ីស្ថិតក្នុងចំណោមជនរងគ្រោះនោះទេ ប៉ុន្តែជនរងគ្រោះជាជនបរទេសភាគច្រើន គឺជាជនជាតិថៃ។ នេះបើតាមព័ត៌មាបឋម៕

