ពីវេទិកាអធិបតីនៃពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នៅខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានហៅឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតថា«កូន»ពេញៗមាត់ និងបានសរសើរពីភាពឈ្លាសវ័យរបស់អភិបាលខេត្តរូបនេះក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

«ខ្ញុំសូមលើកទឹកចិត្ត ឥលូវកំពត​ប្រជាពលរដ្ឋបានស្ងប់ចិត្តច្រើនហើយ កូនឯងត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យខេត្តកំពតទៅជាខេត្តដែលសុវត្ថិភាពបំផុត ជាខេត្តដែលគ្មានជម្លោះដីធ្លី ជាខេត្តដែលចៅហ្វាយខេត្តឈរដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ កូនឯងបន្តធ្វើទៅៗ»។ សំឡេងទះដៃបានលាន់លឺឡើងពីក្នុងចំណោមគណៈអធិបតី និងអង្គពិធី បន្ទាប់ពីបានសម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះ។

ភ្ជាប់នឹងការសរសើរឯកឧត្តម ម៉ៅ ធនិន សម្ដេចតេជោបានទាញចំណាប់អារម្មណ៍អភិបាលរាជធានី ខេត្ត និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀត យកស្នាដៃឯកឧត្តម ម៉ៅ ធិនិន ជាគម្រូ ដោយបន្ថែមថា«បើសិនជាអភិបាលខេត្តគ្រប់ខេត្ត ធ្វើត្រឹមតែបានប៉ុន ម៉ៅ ធិនិន ធ្វើនៅពោធិ៍សាត់ ហើយបន្តធ្វើនៅកំពត ខ្ញុំគិតថាអាជម្លោះដីធ្លីនេះវានឹងស្ងប់ឯង»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ជម្លោះដីធ្លីនៅតាមមូលដ្ឋាន មិនមែនសុទ្ធតែជាជម្លោះស្មុគស្មាញទាំងអស់នោះទេ ដោយសម្ដេចអះអាងថាកន្លែងខ្លះជម្លោះប្រភេទនេះ កើតឡើងរវាងម្ដាយនិងកូន ឬរវាងបងប្អូនបង្កើតនឹងគ្នាក៏មានដែរ។ សម្ដេចអះអាងថាបញ្ហាទាំងនេះមិនគួរឡើងដល់ស្ថាប័នតុលាការនោះទេ ដ្បិតតុលាការមិនដែលកាត់ក្ដីឱ្យគូជម្លោះស្មើគ្នានោះទេ តែងតែមានម្នាក់ចាញ់ និងម្នាក់ឈ្នះ ហើយភាគីចាញ់នឹងថាអយុត្តិធម៌។

សូមបញ្ជាក់ថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិទាំង៧នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ កន្លងមក ឯកឧត្តម ម៉ៅ ធនិន បានបង្ហាញភាពសកម្ម និងទទួលបានការអបអរសាទរពីប្រពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានសរសើរ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រោមជាតិផ្សេងទៀតយកគម្រូតាមឯកឧត្តម ម៉ៅ ធនិន ផងដែរ៕

Share.