ភ្នំពេញ ៖ កម្មករសំណង់ចំនួន៥នាក់របួសស្រាល ខណៈដែលកំពុងជិះម៉ូតូរុឺម៉កធ្វើដំណើរតាមផ្លូវ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ជាន់ហ្វ្រាំងមិនសុី ជ្រុលបុកពីក្រោយ រុញផ្ទប់កៀបជាប់នឹងរថយន្តដឹកសំរាម កំពុងបើកឆ្លងផ្លូវ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវចោមចៅ មុខច្រកចូលផ្សារត្រពាំងថ្លឹង ចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីកម្មករសំណង់ ជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៥នាក់ ធ្វើដំណើរតាមម៉ូតូរុឺម៉ក មានទាំងសម្ភារៈសំណង់ផង តាមបណ្តោយផ្លូវចោមចៅ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ គ្រាន់តែបង្អន់ល្បឿន ដោយសារផ្លូវមានយានឆ្លងកាត់ ស្របពេលនោះស្រាប់តែរថយន្តធុនធំ កុងតឺន័រ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9446 អូសសណ្តោងរុឺម៉ក ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 4A-8605 បើកពីលិចទៅកើត ហ្វ្រាំងមិនសុី ជ្រុលបុកពីក្រោយ រុញផ្ទប់កៀបជាប់នឹងរថយន្តដឹកសំរាម ពណ៌ស ពាក់ស្លាក លេខ AT22 3-1923 កំពុងបើកឆ្លងផ្លូវពីត្បូងទៅជើង ភ្លាមៗជនរងគ្រោះទាំង៥នាក់ លោតផុត រងរបួសស្រាល ។

ក្រោយកើតហេតុ ធ្វើឲ្យកកស្ទះចរាចរណែនតាន់តាប់ នៅលើកំណាត់ផ្លូវចោមចៅ ហើយត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងនគរបាលចរាចរក្រុង ចុះទៅសម្រួល យករថយន្តនិងម៉ូតូរុឺម៉កទៅដាក់អៀបកៀនខាង រួចប្រគល់ឲ្យសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោអអាសន្ន ៕
អត្ថបទ៖តាតុង សែនជ័យ
