ភ្នំពេញ ៖ លោក រ័ត្ន ស៉ីថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីអ្នកជំនួញល្បីឈ្មោះតាមអនឡាញម្នាក់ដាក់ពន្ធនាគារ២ឆ្នាំ ពីបទ. មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ចេញសែកស្អុយ៣៥ ម៉ឺនដុល្លារ។

ស្ត្រីជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះ លេខ ២៥២ ផ្លូវ ផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនជាប់ចោទត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ញឹម ពិសាល សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ឋនាគាររាជធានីភ្នំពេញ PJ កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ចេញសែកស្អុយ រាប់លានដុល្លារ។

ស្ត្រីអ្នកជំនួញរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង ១១និង ៣០នាទី ព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២ នៅចំណុច ផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការឃាត់ខ្លួននោះធ្វើឡើង តាមដីកាបញ្ជា ឲ្យចូលខ្លួនរបស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យកា អម សាលាដំបូងរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្ត និង សម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង៕

អត្ថបទ៖ចតុមុខ
