—
សមត្ថកិច្ចស្រុកមុខកំពូល ខេត្តកណ្តាលបានឃាត់ខ្លួនមនុស្ស០៦នាក់ដែលពួកគេអះអាង ថាជាអ្នកសារព័ត៌មាននិងកំពុងLive វីដេអូនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។
ការឃាត់ខ្លួនមនុស្សទាំង០៦នាក់នោះបានធ្វើឡើងនៅថ្ងៃទី១៩ខែមិថុនា២០២១លាម៉ោង១៥.៣០នាទីក្រោយពីទទួលបានព័ត៌មានថាមានករណីគំរាមកំហែងទារប្រាក់។
បើតាមសមត្ថកិច្ច នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ នៅថ្ងៃទី១៩ខែមិថុនា២០២១វេលាម៉ោង ១២.០០នាទីខ្លួនទាំង០៦នាក់បានជិះម៉ូតូចំនួន០៣គ្រឿង ចេញពីសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គោល បំណងមកផ្ទះឈ្មោះ បារាំង នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយកម្លាំងផ្ដល់ព័ត៌មានរបស់ខ្លួនប្រាប់ថា នៅផ្ទះនេះមានលេងល្បែងស៊ីសងជល់មាន់តាមអនឡាញ ។

ពេលជនសង្ស័យទាំង០៦នាក់មកដល់ក្នុងវត្តបុប្ផារាមហៅវត្តព្រែកអញ្ចាញ ក៏នាំគ្នាឈប់ម៉ូតូនៅក្នុងវត្តនោះ ហើយជនសង្ស័យឈ្មោះ ចាន់ ឬទ្ធី បានប្រាប់ទៅជនសង្ស័យឈ្មោះ អ៊ុក ឡា ថា÷ពេលទៅដល់ផ្ទះឈ្មោះ បារាំង ត្រូវទារប្រាក់ពីឈ្មោះបារាំងចំនួន១០០ដុល្លារ បើមិនបានប្រាក់ចំនួន១០០ដុល្លារទេ គឺមិនព្រមឡើយ ។
និយាយគ្នាហើយជនសង្ស័យទាំង០៦នាក់ ក៏នាំគ្នាជិះម៉ូតូទៅផ្ទះរបស់ឈ្មោះ បារាំង ពេលទៅដល់ ក៏នាំគ្នាឈប់នៅក្រោមដើមខ្វិតក្បែរផ្ទះនោះ ហើយក៏នាំគ្នាដើរចុះដើរឡើង ពេលនោះឈ្មោះបារាំង ក៏ចេញមកសួរថា÷ បងឯងជាអ្នកសារព័ត៌មានឬ? ហើយជនសង្ស័យឈ្មោះអ៊ុក ឡា ក៏ឆ្លើយទៅវិញថា÷ខ្ញុំជាអ្នកសារព័ត៌មាន ពេលនោះឈ្មោះបារាំងក៏ប្រាប់ថា អញ្ចឹងបងឯងយកប្រាក់ ២០ដុល្លារទៅដើម្បីចាក់សាំង ខ្ញុំអត់មានលេងអីទេខ្ញុំលក់តែកាហ្វេ តែជនសង្ស័យមិនយកហើយក៏ប្រាប់ទៅឈ្មោះបារាំងវិញថា ទាល់តែ១០០ដុល្លារបានយកបើមិនបាន ១០០ដុល្លារអត់យកទេ។
បន្ទាប់មកជនសង្ស័យទាំង០៦នាក់ក៏នាំគ្នាជិះម៉ូតូចេញមកបាត់ បាន៣០នាទីក្រោយមកជនសង្ស័យទាំង០៦នាក់ក៏នាំគ្នាជិះម៉ូតូទៅទីនោះម្ដងទៀតដើម្បីទារប្រាក់ពីឈ្មោះបារាំង ពេលទារប្រាក់មិនបាន ក៏នាំគ្នាមកឈរ Live វីដេអូនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញតែម្ដង។

មនុស្សទាំង០៦នាក់ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖
១.ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន(ម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS)
២.ឈ្មោះ ចាន់ ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មានមានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។(ជាសមាជិក)
៣.ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មានមានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។(ជាសមាជិក)
៤.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មានមានទីលំនៅបច្ចុប្បន្ន ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។(ជាសមាជិក)
៥.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មានស្នាក់នៅ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។(ជាសមាជិក)
៦.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុបមានទីលំនៅបច្ចុប្បន្ន ភូមិត្នោតជ្រៃ សង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញ។(ជាសមាជិក)
ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់បានរួមមាន ម៉ូតូ ៣គ្រឿង ទូរសព្ទដៃ ០៩គ្រឿង លិខិតបញ្ជា បេសកម្ម៤ច្បាប់ ប័ណ្ណអ្នកសារព័ត៌មាន៦សន្លឹក ជើងដាក់ទូរស័ព្ទសម្រាប់Live ២ ម៉ៃក្រូហ្វូន២ និងវ៉ាលីយូរពណ៌ខ្មៅចំនួន០១។
ចំពោះជនសង្ស័យទាំង០៦នាក់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូលនិងត្រូវបានមន្ត្រីជំនាញនិងប៉ុស្តិ៍កសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

