អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃ ច័ន្ទ ថា វាមិនអាចទៅរួចទេក្នុងការរៀបចំកិច្ចចរចាសន្ដិភាពរវាងទីក្រុង ម៉ូស្គូ និង ទីក្រុង តូក្យូ ដោយសារប្រទេស ជប៉ុន បានដាក់ទណ្ឌកម្ម និង ផ្ដល់ជំនួយយោធាដល់ទីក្រុង Kyiv។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TASS នាថ្ងៃ អង្គារ ទី ០៣ ខែ មករា ឆ្នាំ ២០២៣។

លោក Peskov បាននិយាយនៅពេលត្រូវបានសួរឲ្យធ្វើការអត្ថាធិប្បាយលើការចរចាដ៏មានសក្ដានុពលជាមួយទីក្រុង តូក្យូ ថា «តាមធម្មតា គ្មានការចរចាលើកិច្ចព្រមព្រៀងសន្ដិភាពណាមួយត្រូវបានគេចាត់ទុកថាអាចធ្វើទៅបានក្នុងកាលៈទេសៈទាំងនេះទេ»។

នៅក្នុងសុន្ទរកថាគោលនយោបាយមួយនៅក្នុងសម័យប្រជុំពេញអង្គនៃសភាជាន់ទាបរបស់ប្រទេស ជប៉ុន កាលពីព្រឹកថ្ងៃ ច័ន្ទ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានសន្យាថា រដ្ឋាភិបាលជប៉ុននឹងបន្ដអនុវត្តគោលនយោបាយសំដៅដោះស្រាយបញ្ហាទឹកដី និង បញ្ចប់សន្ធិសញ្ញាសន្ដិភាពជាមួយរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ លោក Kishida បានព្រមានថា ទីក្រុង តូក្យូនឹងប្រកាន់ខ្ជាប់នូវទណ្ឌកម្មរបស់ខ្លួនដែលប្រឆាំងនឹងទីក្រុង ម៉ូស្គូ ហើយបន្ដគាំទ្រទីក្រុង កៀវ របស់អ៊ុយក្រែន។

ទីក្រុង ម៉ូស្គូ និង ទីក្រុង តូក្យូ បានពិភាក្សាគ្នាលើសន្ធិសញ្ញាសន្ដិភាពដោយផ្អែកលើលទ្ធផលនៃសង្រ្គាមលោកលើកទី២ ចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍មុន។ ជម្លោះរវាងប្រទេសទាំង២ លើអធិបតេយ្យភាពនៅក្បែរកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន ដែលប្រទេសរុស្ស៊ីហៅកោះនោះថា កោះ Kuril គឺជាឧបសគ្គចម្បងបំផុត។

ក្រោយសង្រ្គាមលោកលើកទី២ ប្រជុំកោះទាំងមូលត្រូវបានសហភាពសូវៀតរឹបអូសយកទៅកាន់កាប់ ប៉ុន្ដែជប៉ុននៅតែទាមទារអធិបតេយ្យភាពលើកោះ Iturup កោះ Kunashir កោះ Shikotan និង កោះតូចៗដែលគ្មានមនុស្សរស់នៅ។

យ៉ាងណាម៉ិញ ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ម្ដងទៀតថា អធិបតេយ្យភាពរបស់ទីក្រុង ម៉ូស្គូ មានមូលដ្ឋានច្បាប់អន្តរជាតិដ៏រឹងមាំដែលត្រូវពឹងផ្អែក និង មិនអាចប្រកែកបាន៕

ប្រភព៖ TASS

Share.