ភ្នំពេញ ៖ អាសូរណាស់ ឪពុកម្តាយស្លុតចិត្ត ព្រោះតែកូនស្រីជាទីស្រឡាញ់ មិនដឹងថាគ្រាប់កាំភ្លើងហោះហើរមកពីណា ទម្លុះដំបូលស័ង្កសីផ្ទះ ត្រូវចំពោះគ្រាដែលកំពុងដេកក្នុងមុង បណ្តាលរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ នៅភូមិពោធិ៍តាប៉ោង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ហើយត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាគិតមកដល់ថ្ងៃទី០៤ខែមករាឆ្នាំ២០២៣នេះ រយៈពេល៥ថ្ងៃហើយ ក្មេងស្រីកំពុងស្ថិតនៅសង្គ្រោះបន្ទាន់នៅឡើយ ។

ក្មេងស្រីរងគ្រោះឈ្មោះ ណាង ស្រីយ៉ា អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ដែលមានឪពុកឈ្មោះ ណាង សុីណា អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ម្តាយឈ្មោះ វ៉េង សាវ៉េត អាយុ៣៣ឆ្នាំ មុខរបរ កសិករ ។ គ្រួសារខាងលើ មានកូនចំនួន៣នាក់ ស្រី២នាក់ និងកំពុងមានផ្ទៃពោះ៧ខែ ក្មេងស្រីរងគ្រោះជាកូនទី២ ។
បើតាមបុរសឈ្មោះ ម៉ាប់ ពិសាល អាយុ៣០ឆ្នាំ ត្រូវជាឪពុកមាក្មេងស្រី បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គ្រាដែលប្រជាពលរដ្ឋ អ្នកភូមិ ប្រជុំគ្នាហូបចុក អបអរថ្ងៃឆ្លងឆ្នាំ ហើយនៅវេលាម៉ោងខាងលើ ក្មួយស្រីរបស់គាត់ ក្រោយហូបបាយរួច បានចូលដេកក្នុងមុង លេងទូរស័ព្ទ ឪពុកម្តាយរៀបនឹងចូលសម្រាកទៅហើយ ស្រាប់តែឮសូរកូនស្រីស្រែកយំ ននៀលក្នុងមុង ឡើងទៅមើល ឃើញសុទ្ធតែឈាម ស្មានតែមុតអ្វី លើកបីត្រកងយកទៅពេទ្យក្នុងភូមិ លុះដល់ពិនិត្យជាក់ស្តែង ទើបគ្រូពេទ្យប្រាប់ថាក្មេងស្រីត្រូវគ្រាប់កាំភ្លើង ទើបនាំគ្នាស្រឡាំងកាំង មើលដំបូលស័ង្កសី ឆ្លាយទាំងដំបូលផ្ទះ ធ្លុះត្រូវចំពោះក្មេងរងគ្រោះកំពុងដេក ។

ក្មេងស្រីរងគ្រោះ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា ភ្លាមៗ គិតមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ អស់រយៈពេល៥ថ្ងៃហើយ ក្មេងស្រីរងគ្រោះក្នុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា គាត់ក៏មិនដឹងថា គ្រាប់កាំភ្លើងហោះមកពីណា ធ្លាយធ្លុះទាំងដំបូលស័ង្កសី មកត្រូវកូនស្រី ។
ករណីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ក្រោមបញ្ជា ពៅលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ចុះទៅសាកសួរ ក្រុមគ្រួសារក្មេងរងគ្រោះដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្រាវជ្រាវ រកមុខខ្មាន់កាំភ្លើង ដែលបាញ់បោះសេរី ៕


អត្ថបទ៖តាតុង សែនជ័យ
