
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងឆ្នាំ២០២២-២០២៣ សម្រេចបានបរិមាណ ១ ៤៨១តោន កើនឡើងប្រមាណ ៤០ភាគរយ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារដូវនេសាទឆ្នាំ២០២១-២០២២ ទទួលបានតែប្រមាណ៨៩០តោនប៉ុណ្ណោះ។
ក្រសួងបានរៀបរាប់ឱ្យដឹងថាផលនេសាទត្រីទាំងនោះ បើគិតជាប្រភេទត្រី និងភាគរយ រួមមានត្រីរៀល៤៥ភាគរយ ត្រីស្លឹកឫស្សី៣០ភាគរយ ខ្នងវែង៥ភាគរយ ត្រីច្រកែង២ភាគរយ ត្រីល្បាត៥ភាគរយ និងត្រីចម្រុះ១០ភាគរយ។ ចំណែកប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មានចំនួនប្រមាណ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៩០ភាគរយ មកពីបណ្តាខេត្តផ្សេងៗ។
ក្រសួងបានចាត់ទុកកំណើនត្រីនេះថាជាការឆ្លុះបញ្ចាំងឱ្យឃើញពីបរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិ មានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផលនិងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់ កាលពីរដូវត្រីពង ក្នុងអំឡុងឆ្នាំ២០២២កន្លងទៅ ធ្វើឱ្យប្រជានេសាទ និងប្រជាពលរដ្ឋអាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ តារួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕


