សមត្ថកិច្ចស្រុកស្អាង ខេត្តកណ្តាលបានចាប់ខ្លួនយុវជនញៀនថ្នាំម្នាក់ដែលយកកាំបិត ប៉័ងតោ គំរាមសម្លាប់ម្តាយក្រោយពីសុំលុយ៣០ម៉ឺនរៀលមិនបាន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ ផាន់ ហៅ ទី នៅពេលប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿង សម្លុត និងគំរាមកំហែង ទៅលើជនរងគ្រោះឈ្មោះ អោម សារ៉ាត់  ត្រូវជាម្ដាយជាញឹកញ៉ាប់ ។

នៅមុនថ្ងៃកើតហេតុគឺនៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យបានមានជម្លោះជាមួយគេផ្សេង ហើយបានយកកាំបិតផ្គាក់យកទៅដេញកាប់គេម្ដងរួចមកហើយ ហើយបានសំងំដេកនៅក្នុងផ្ទះ ។

លុះព្រឹកឡើងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី ជនសង្ស័យបានសុំលុយជនរងគ្រោះជាម្ដាយចំនួន ៣០ម៉ឺនរៀលដើម្បីចេញពីផ្ទះ តែដោយជនរងគ្រោះគ្មានលុយអោយខ្លួន ស្រាប់តែជនសង្ស័យខឹង បានធ្វើសកម្មភាពបោកចាន ឆ្នាំងដែលនៅក្នុងផ្ទះខ្ទិចខ្ទីអស់ និងបានយកកាំបិតប៉័ងតោ យកមកគំរាមចង់អាករសម្លាប់ជនរងគ្រោះជាម្ដាយថែមទៀតផង ។

ដោយទ្រាំនឹងទង្វើររបស់កូនខ្លួនមិនបាន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលអោយជួយអន្ដរាគមន៍ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

វត្ថុតាងដែលសមត្ថកិច្ចរឹងអូសបានរួមមាន៖កាំបិតបុ័ងតោង ចំនួន១ ផ្លែដែក ដងឈើ មានប្រវែង ៣០ ស.មនិងកាំបិតផ្គាក់ ចំនួន០១ ផ្លែដែក ដងឈើ មានប្រវែង ៦៣ ស.ម ៕

Share.