រដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃ អង្គារ (ម៉ោងក្នុងស្រុក) ជាផ្លូវការថា លោកប្រធានាធិបតីអាមេរិក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅសេតវិមាននាពាក់កណ្ដាលខែនេះ សម្រាប់ការពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ច និង សន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នាថ្ងៃ ពុធ ទី ០៤ ខែ មករា ឆ្នាំ ២០២៣។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា កិច្ចប្រជុំថ្ងៃទី ១៣ ខែ មករា ខាងមុខនេះ នឹងរួមបញ្ជូលការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភអំពីសក្ដានុពលសម្រាប់ការសាកល្បងនុយក្លេអ៊ែរដោយប្រទេសនោះ។

ក្នុងរបៀបវារៈនោះ ក៏មានចំណុចពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ការប្រែប្រួលអាកាធាតុ និង ស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ។
លោកស្រី Jean-Pierre បាននិយាយថា ប្រធានាធិបតី Joe Biden នឹងបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់គាត់ចំពោះយុទ្ធសាស្រ្តសន្ដិសុខជាតិរបស់ប្រទេស ជប៉ុន ដែលបានចេញផ្សាយនាពេលថ្មីៗនេះ ក្នុងតំណែងជាប្រធានកិច្ចប្រជុំកំពូលប្រទេសសេដ្ឋកិច្ចជឿនលឿន G-7 របស់ខ្លួន និង អាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។

លោកស្រីបន្ដថា មេដឹកនាំនៃប្រទេសទាំង២ នឹងអបអរភាពរឹងមាំដែលមិនធ្លាប់មានពីមុនមកនៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន ហើយនឹងកំណត់ផ្លូវសម្រាប់ភាពជាដៃគូរបស់ពួកគេនៅឆ្នាំខាងមុខបន្ដទៀត។
សូមជម្រាបថា មេដឹកនាំនៃប្រទេសទាំង២ បានជួបគ្នាចុងក្រោយនេះនៅកោះបាលី របស់ប្រទេស ឥណ្ឌូនេស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូល G-20 កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយសម្រេចបាននូវលក្ខខណ្ឌមួយចំនួន៕

