សិល្បៈជាតិ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ គេសង្កេតឃើញថា បទចម្រៀង «នារីជាជួរ» ដែលត្រូវបានក្រុមនិស្សិតប្រទេសថៃមួយក្រុម លើកយកមកប្រគំក្នុងវង់ភ្លេងមហោរី និងច្រៀងជាសំនៀងខ្មែរដែលស្ដាប់ទៅពីរោះមួយបែប រហូតធ្វើឱ្យអ្នកលេងបណ្ដាញសង្គមលាន់មាត់សរសើរគ្រប់គ្នា។
តាមការរៀបរាប់លម្អិតរបស់គណនីហ្វេសប៊ុកឈ្មោះ Sok Visal បានឱ្យដឹងថា និស្សិតមួយក្រុមនេះគឺជានិស្សិតដែលរៀននៅសលវិទ្យាល័យមួយកន្លែងក្នុងខេត្តបុរីរម្យប្រទេសថៃ ផ្នែកវិទ្យាសាស្ត្រអប់រំ និងបច្ចេកវិទ្យកុំព្យូទ័រ។ ពួកគេបានលើកយកបទ «នារីជាជួរ» មកសម្ដែងនៅក្នុងកម្មវិធីការប្រគំតន្រ្តីថៃកម្រិតឧត្តមសិក្សាលើកទី ៤៥។
ក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមជាច្រើនបានលើកមតិខុសៗគ្នាថា ៖ «ពួកគាត់ច្រៀងខ្មែរសំនៀងថៃពីរោះម្យ៉ាង» «សូមសរសើរមែន ដែលបានច្រៀងចម្រៀងខ្មែរបានយ៉ាងល្អពិរោះរណ្ដំចិត្ត។ ចំណែកកូនខ្មែរយើងគួរគប្បីចាប់អារម្មណ៍ពីទង្វើនេះ» «ខ្មែរលេងភ្លេងមិនញាប់អញ្ចឹងទេ ហើយក៏មិនច្រៀងកញ្ឆក់ៗបែបនេះដែរ តែយ៉ាងណាក៏រីករាយណាស់ដែរដែលនៅលើកស្ទួយសិល្ប:ជាតិខ្មែរយើង» និងខ្លះទៀតថា «ពីរោះច្រៀងបានតែហាមលួច» ជាដើម។
សូមជម្រាបថា របាំ នារីជាជួរ គឺជារបាំបុរាណខ្មែរស្ថិតក្នុងទម្រង់ព្រះរាជទ្រព្យ ហើយបទ «នារីជាជួរ» ក៏មានជាបទមរតកដើមដែលនិពន្ធទំនុកច្រៀងដោយលោក ស៊ិន ស៊ីសាមុត និពន្ធបទភ្លេងដោយលោក សេង តារា និងច្រៀងដោយ លោកស្រី ហួយ មាស ជាចង្វាក់រាំក្បាច់។
តោះចង់ដឹងថា និស្សិតថៃមួយក្រុមនេះច្រៀងពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

