ភ្នំពេញ ៖ លំនៅដ្ឋាន ប្រភេទវីឡាមួយកន្លែង ខណៈដែលម្ចាស់ផ្ទះដាំទឹកទុកចោល ផ្ទុះចង្ក្រាន ធុងហ្គាស ឆាបឆេះអស់ទ្រព្យសម្បត្តិផ្ទះបាយ ភ្លើងឆេះរាលដល់ទ្រព្យសម្បត្តិក្នុងផ្ទះទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ អាជ្ញាធរ សមត្ថកិច្ច រថយន្តដឹកទឹក រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង។ក្នុងហេតុការណ៍នោះបណ្តាលឲ្យប្អូនប្រុសម្ចាស់ផ្ទះម្នាក់ រងរបួសស្រាល។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះលេខ១ ផ្លូវបេតុងលេខ៥ ក្នុងបុរីម៉ន ដានី ភូមិស្វាយ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ផ្ទះកើតហេតុជាសំណង់ថ្ម ប្រភេទផ្ទះវិឡាទោល ម្ចាស់ផ្ទះ ឈ្មោះ ម៉ុង លាងស្រេង ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរ មន្ត្រីរាជការ រស់នៅជាក្រុមគ្រួសារ មានសមាជិកគ្នា៥នាក់ ។

តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា ខណៈដែលសមាជិកគ្រួសារជាប់រវល់ទៅធ្វើការងារ នៅចាំផ្ទះតែគ្នា៣នាក់ មានជីដូន កូនស្រីម្ចាស់ផ្ទះ និងប្អូនប្រុសម្ចាស់ផ្ទះ ហើយមុនកើតហេតុ បានដាក់ដាំទឹកកំសៀវទុកចោល ភ្លេចបិទពន្លត់ភ្លើង ស្រាប់តែផ្ទុះចង្ក្រាន ធុងហ្គាស ក្លាយជាអគ្គិភ័យ ភ្លើងឆេះរាល អស់របស់របរក្នុងផ្ទះបាយ និងភ្លើងបន្តឆេះដល់ក្នុងផ្ទះ ទាំងជាន់ក្រោម និងជាន់លើ ខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួននៅក្នុងផ្ទះ ។

បន្ទាប់ពីហេតុការណ៍ខាងលើកើតឡើងភ្លាមៗ មានរថយន្តដឹកទឹក របស់ក្រុមហ៊ុន បុរីម៉ន ដានី ចំនួន៣គ្រឿង រថយន្តបុរីសង្ឃឹមថ្មី ចំនួន២គ្រឿង និងរថយន្តស្នងការរាជធានីភ្នំពេញច្រើនគ្រឿងទៀត ចេញទៅជាបន្តបន្ទាប់ ក៏ប៉ុន្តែប្រើប្រាស់ទឹកអស់ រថយន្តរបស់ក្រុមហ៊ុន ម៉ន ដានីចំនួន៣គ្រឿង រថយន្តបុរីសង្ឃឹមថ្មីចំនួន២គ្រឿង និងរថយន្តស្នងការចំនួន១គ្រឿង សរុបអស់៦គ្រឿង ភ្លើងរលត់ទៅវិញ ខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន រងរបួសស្រាល ប្អូនប្រុសម្ចាស់ផ្ទះម្នាក់ ៕


អត្ថបទ៖តាតុង សែនជ័យ
