ភ្នំពេញ ៖ ដោយសារកង្វះការថែទាំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ធ្វើឲ្យរថយន្តកុងតឺន័រមួយគ្រឿង បើកបោលរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ស្លាកសញ្ញាចរាចរ បាក់រាបដល់ដី និងបន្តបុកចូលផ្ទះពលរដ្ឋ២ល្វែងជាប់គ្នា បណ្តាលឲ្យរងខូចខាតសំយាប សម្ភារៈលក់ដូរអស់មួយចំនួន ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវបេតុង លេខ៤២ ត្រង់ចំណុចភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក ប្រភេទកុងតឺន័រ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5260 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត លី ឆាម អូសសណ្តោងទូកុងតឺន័រ បើកតាមបណ្តោយផ្លូវលេខ៤២ ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ រុឺទីលចង្កូត ធ្វើឲ្យរថយន្តរេចង្កូតទៅខាងឆ្វេង បោលឆ្លងផ្លូវទៅបុកបង្គលោលភ្លើងបំភ្លឺផ្លូវ ស្លាកសញ្ញាចរាចរណ៍ និងបន្តបុកចូលផ្ទះជួសជុលម៉ូតូ និងផ្ទះអ្នកលក់ដូរ ២ល្វែងជាប់គ្នា បណ្តាលឲ្យរងខូចខាត បាក់សំយ៉ាបផ្ទះ និងសម្ភារៈលក់ដូរអស់មួយចំនួន សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ករណីគ្រោះថ្នាក់ខាងលើ ក្រោយកើតហេតុ ខាងតំណាងក្រុមហ៊ុនរថយន្ត ចេញមុខសម្របសម្រួល ដោយចេញ សងថ្លៃខូចខាតផ្ទះជួសជុលម៉ូតូចំនួន៨០មុឺនរៀល និងផ្ទះលក់ដូរ ចំនួន១លានរៀល ដើម្បីបញ្ចប់រឿង តែនៅការខូចខាតទ្រព្យសម្បត្តិរដ្ឋ បង្កោលភ្លើងបំភ្លឺផ្លូវ និងស្លាកសញ្ញាចរាចរណ៍ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ
