បន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានជនមិនស្គាល់មុខ៣ទៅ៤នាក់ស្ទាក់កាប់បណ្តាលរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង៨យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣តាមដងផ្លូវជាតិលេខ៥ស្ថិតភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជនរងគ្រោះមានឈ្មោះ សាម ចាន់រ៉ា ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖ នៅពេលជនសង្ស័យកាប់នៅលើជនរងគ្រោះគឺមានជនរងគ្រោះមានគ្នា២នាក់បានជិះម៉ូតូហុងដាឌ្រីមក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ ដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៣ទៅ៤នាក់បានជិះម៉ូតូច្រាស់ទិសគ្នាត្បូងមកជើងហើយមានកាន់កាំបិត និងដំបងបានស្ទាក់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសម្នាក់ឈ្មោះ សាម ចាន់រ៉ា ហើយជនសង្ស័យបានជិះម៉ូតូទៅមុខគេចខ្លួនបាត់អស់។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន បានបញ្ជាក់ថា៖ ក្រោយជនរងគ្រោះត្រូវជនសង្ស័យកាប់បណ្តាលរបួសឈាមស្រោចខ្លួនត្រូវបានមិត្តភក្តិដែលជិះម៉ូតូជាមួយបានយកម៉ូតូជនរងគ្រោះឌុបទៅកាន់មន្ទីរពេទ្យមង្គលបូរី បានលាងរបួសហើយដេរចំនួន៧ថ្នេរលើចិញ្ចើមខាងឆ្វេង រឿងនេះក្រោយការស្រាវជ្រាវជាករណីគំនុំតែមិនបានដឹងច្បាស់នៅឡើយទេកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនជនបង្កយកមកអនុវត្តតាមច្បាប់៕

អត្ថបទ÷ ប៉ោយប៉ែត

