ក្រសួងហាផ្ទៃទើបសម្រេចបង្កើតភូមិថ្មីចំនួន១៥ទៀតចំណុះឱ្យក្រុង និងស្រុកមួយចំនួននៅខេត្តពោធិ៍សាត់​។​ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានត្រយង ក៏បានចេញផ្សាយរួចមកហើយដែរ អំពីភូមិថ្មីទាំងនោះ។ នៅថ្ងៃនេះ សារព័ត៌មានត្រយង នឹងចែករំលែកជូនអំពីព័ត៌មានពាក់ព័ន្ធនឹងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ។

ជាដំបូង យើងគួរយល់ដឹងអំពីភូមិសិន។ ភូមិមិនមែនជាថ្នាក់រដ្ឋបាលដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ ភូមិគឺជាកន្លែងដែលប្រមូលផ្ដុំដោយផ្ទះ និងគ្រួសារប្រជាពលរដ្ឋជាច្រើន។ ភូមិជាច្រើន រួមគ្នាបង្កើតបានជាឃុំ ឬសង្កាត់មួយ។ ភូមិនីមួយៗ ត្រូវគ្រប់គ្រងដោយមេភូមិម្នាក់ អមដោយអនុប្រធានភូមិម្នាក់ និងសមាជិកភូមិម្នាក់ ជាជំនួយការ។​

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអ្នកបោះឆ្នោតជ្រើសរើសមេភូមិ ដោយបង្កើតគណៈកម្មការបោះឆ្នោតមួយ ហើយគោរពតាមបែបបទ និងតិវិធីនៃការជ្រើសរើសមេភូមិ។ បេក្ខជនមេភូមិ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសញ្ជាតិខ្មែរ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឃុំ សង្កាត់ មានអាយុយ៉ាងតិច២៥ឆ្នាំ ចេះអាន ចេះសរសេរអក្សរខ្មែរ និងមានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិយ៉ាងតិច៦ខែ។

ក្រោយចេញសេចក្ដីសម្រេចតែងតាំងមេភូមិ មេឃុំ ចៅសង្កាត់ ត្រូវណែនាំមេភូមិឱ្យដាក់បេក្ខជនជំនួយការរបស់ខ្លួនជាអនុប្រធានភូមិ និងសមាជីកភូមិ។ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវមានលក្ខណៈសម្បត្តិដូចមេភូមិដែរ។ ដើម្បីក្លាយជាអនុប្រធានភូមិ និងសមាជិកភូមិបាន​ បេក្ខជនត្រូវឆ្លងកាត់ការបោះឆ្នោតពីក្រុមប្រឹក្សាឃុំ សង្កាត់ តាមរយៈការលើកដៃ។

មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ មិនត្រូវបានកំណត់ឡើយ ប៉ុន្តែអាចបាត់បង់មុខតំណែង បើទទួលមរណភាព ដាក់ពាក្យលាឈប់ បាត់បង់សម្បទាវិជ្ជាជីវៈ លុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតឃុំ សង្កាត់ ត្រូវតុលាការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹម ផ្លាស់ទីលំនៅទៅភូមិផ្សេង និងមានកំហុសឆ្គងក្នុងការងារ ហើយត្រូវបញ្ឈប់តំណែងដោយក្រុមប្រឹក្សាឃុំ សង្កាត់។

មេភូមិ ជាតំណាងឱ្យពលរដ្ឋទាំងអស់នៅក្នុងភូមិ និងជាខ្សែរយៈចម្បងសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់។ ក្នុងការអនុវត្តការងារ មេភូមិត្រូវពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានារបស់ឃុំ សង្កាត់ នៅពេលឃុំ សង្កាត់តម្រូវ និងពិគ្រោះយោបល់ឱ្យបានទៀងទាត់ជាមួយពលរដ្ឋជាដើម។

ក៏មានដែរ ការងារមួយចំនួនដែលត្រូវបានហាមប្រាមមិនឱ្យមេភូមិធ្វើ ដែលមានដូចជា មេភូមិមិនមានសិទ្ធិអំណាចចុះហត្ថលេខាលើកិច្ចសន្យា ឬការផ្ទេរអំណាច ឬការចាត់ចែងដទៃទៀតក្នុងនាមភូមិបានឡើយ និងក៏ពុំមានសិទ្ធិអំណាចសម្រេចបញ្ហាណាមួយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយគ្មានការផ្ទេរអំណាចពីក្រុមប្រឹក្សាឃុំ សង្កាត់នោះដែរ។

ចុះចំណែកប្រាក់ឧត្ថម្ភ? បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចេញកាលពីឆ្នាំ២០២០ មេភូមិ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភមួយខែ ៤៣០ ០០០រៀល អនុប្រធាន​ភូមិទទួល​បាន​ប្រាក់​ឧបត្ថម្ភមួយ​ខែ៣១០ ០០០រៀល ចំណែកសមាជិកភូមិទទួល​បាន​ប្រាក់​ឧបត្ថម្ភមួយ​ខែ២៨០ ០០០រៀល។

ប្រភពឯកសារ៖ សេចក្ដីណែនាំ ស្ដីពី បែបបទ នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្ដូរមេភូមិ ការតែងតាំង ជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ ចុះហត្ថលេខា កាលពីឆ្នាំ២០០៦។

Share.