ភ្នំពេញ ៖ រថយន្តពីរគ្រឿងបើកបុកគ្នា គ្រាដែលមួយគ្រឿងប្រភេទសណ្តោងទ្រុងបែន កំពុងបើកឆ្លងផ្លូវ ត្រូវបានរថយន្តឡិចសុីសRX400h បើកជ្រុលទៅបុក បណ្តាលឲ្យរងខូចខាតដំណំ បែជាអ្នកបើកបររថយន្តសងខាង នាំគ្នារត់គេចខ្លួនបាត់អស់ ទុកតែរថយន្តនៅចោលតាមផ្លូវ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តម៉ាកDAEWOO ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 3D-2089 សណ្តោងទ្រុងបែន បានបើកឆ្លងផ្លូវពីត្បូងទៅជើង មិនទាន់ផុតផង ត្រូវបានភាគីរថយន្តម៉ាកឡិចសុីស RX400h ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AH-8857 បើកពីលិចទៅកើត ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីទទឹងរថយន្តបែន បណ្តាលឲ្យរងខូចខាតដំណំ តែមិនបង្កឲ្យអ្នកណារងរបួស តែភាគីអ្នកបើកបរសងខាង នាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកតែរថយន្តនៅចោលកណ្តាលផ្លូវ ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង រកម្ចាស់ អ្នកតំណាង មិនឃើញ សមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងអូសយកទៅរក្សាទុក រងចាំម្ចាស់សងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕


អត្ថបទ៖ តាតុង សែនជ័យ

