ស្ត្រីអ្នកលក់បន្លែផ្លែឈើវ័យជិត ៤០ឆ្នាំម្នាក់បានស្លាប់ដោយសារឆ្កែរត់បុករ៉ឺម៉កក្រឡាប់សង្កត់លើ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១នៅត្រង់ចំណុចក្រុមទី ៤ ក្នុងភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ញឹម សុភឿន អាយុ ៣៨ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំតាលាស់ ស្រុកមោងឬស្សី មុខរបរលក់បន្លែត្រីសាច់ចល័តតាមភូមិ។ ជនរងគ្រោះនៅថ្ងៃកើតហេតុពេលកំពុងជិះ ម៉ូតូលក់បន្លែផ្លែឈើចៃដន្យក៏មានសត្វឆ្កែមួយហ្វូងដេញខាំគ្នាពេញដងផ្លូវហើយក៏រត់មកបុកជាមួយរ៉ឺម៉កយ៉ាងពេញទំហឹងស្រាប់តែដួលក្រឡាប់រ៉ឺម៉កសង្កត់លើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ស្លាប់តែម្តង។
ក្រោយប្រមូលព័ត៌មាន និងពិនិត្យទីកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះត្រូវបានសត្វឆ្កែរត់បុករ៉ឺម៉កក្រឡាប់សង្កត់លើស្លាប់ពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យសាច់ញាតិក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី៕


ដោយ៖ដំបង ក្រញូង
