សៀមរាប ៖ រោងម៉ាសុីនកិនស្រូវមួយកន្លែង ស្ថិតនៅក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះ ផ្តើមចេញពីឆេះស្រូវក្នុងឡសម្ងួត បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៤និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន អគ្គិភ័យឆាបឆេះរោងម៉ាសុីនកិនស្រូវនៅចំណុចខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងចេញទៅអន្តរាគមន៍ ហើយរោងម៉ាសុីនខាងលើ ទំហំ៣០ ម៉ែត្រx៥០ម៉ែត្រ ភ្លើងឆេះស្រូវអស់១០តោន និងឡសម្ងួតស្រូវ គិតជាប្រាក់ប្រមាណជាង១មុឺនដុល្លារ ។

សមត្ថកិច្ចបានបញ្ជាក់ផងដែរ គ្រោះអគ្គិភ័យខាងលើផ្តើមចេញពី របូតកបំពង់សុីមាំងម៉ាសុីនសម្ងួតស្រូវ ទើបឆេះដល់ស្រូវតែម្តង ។ ក្នុងប្រតិបត្តិការពន្លត់ភ្លើងរហូតដល់វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃដដែល ទើបភ្លើងរលត់ទៅវិញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.