ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខមិនប្រុងប្រយ័ត្ន ជ្រុលឡើងសួនទ្រូងផ្លូវ ទៅបុកបាក់ដាច់បង្គោលស្លាកសញ្ញាចរាចរណ៍ កល់ជាប់ពីក្រោមទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខឃ្លាំងក្រសួងសុខាភិបាល ចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក កូរ៉េ ទ្រុងដឹកកម្ទេចក្រណាត់ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3693 បើកចុះពីលើស្ពានអាកាសចោមចៅ ឆ្ពោះផ្លូវជាតិ លេខ៣ ពីជើងទៅត្បូង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ព្យាយាមបើកវ៉ាជែងរថយន្តខាងមុខ ស្រាប់ តែរេចង្កូតឡើងសួនទ្រូងផ្លូវ បុកបាក់ដាច់បង្គោលស្លាកសញ្ញាចរាចរ កល់ជាប់ពីក្រោមទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ខូចខាតតែទ្រព្យសម្បត្តិរដ្ឋ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរ និងប្រគល់រថយន្តជូនការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ
