អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ បន្ទាប់ពីបានផ្អាកនាំចូលនាពេលកន្លងមកដោយសារតែការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩ខ្លាំងនៅប្រទេសឥណ្ឌារួចមក។
ការសម្រេចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើឡើងបន្ទាប់ពីស្ថានភាពធូរស្រាល នៃការឆ្លងរាលដាលជំងឺ កូវីដ-១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើ តេស្តលើសាច់បង្កក នាពេលកន្លងមក។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរ មានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កក។
នៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ៕


