រនាលពណ៌ជាប្រភេទសត្វដែលចូលចិត្តរស់នៅទាំងហ្វូង។ ពួកវាប្រើប្រាស់រុក្ខជាតិសម្រាប់ធ្វើសំបុក។ មេមួយក្បាលពងម្តងបាន៣ទៅ៥ពង និងប្រើរយៈពេល៣០ថ្ងៃទើបញាស់។ នៅពេលវាមានអាយុ៦០ថ្ងៃ វាចាប់ផ្តើមដុះរោមសំឡីពណ៌ស បន្ទាប់មកក៏ប្រែជាពណ៌ត្នោតខ្ចីបន្តិចម្តងតាមអាយុកាលរបស់វា ។ 

រនាលពណ៌ឈ្មោល និងញីទទួលខុសត្រូវក្រាបពង និងចិញ្ចឹមបីបាច់កូនតូចៗ។ មេបាផ្លាស់គ្នាបាំងថ្ងៃកូន ដោយសារកូនតូចដែលទើបនឹងញាស់មិនអាចមើលថែខ្លួនវាបានទេ មិនមានរោមការពារខ្លួន និងភ្នែកនៅមិនទាន់បើកទទួលពន្លឺថ្ងៃ។

ពេលមេនៅក្នុងសម្បុកជាមួយកូន បារបស់វានឹងឆ្លាស់គ្នាចេញទៅរកចំណី និងទឹក មកបញ្ចុកពួកវាដល់ក្នុងសម្បុក ហើយពេលខ្លះមេវាចេញទៅរកម្តងទុកអោយបានៅថែទាំកូន។ សកម្មភាពថែទាំកូននិងគ្រួសារគឺបន្តបែបនេះ រហូតដល់ពួកកូនៗដុះរោមគ្របដណ្តប់ខ្លួនវា និងអាចហោះហើរបានដោយខ្លួនឯង។

ជាមធ្យមវាប្រើពេលប្រហែលជា៦០ថ្ងៃបន្ទាប់ពីវាញាស់ ហើយអាចហោះហើរដោយខ្លួនឯងបាន។

សត្វរនាលពណ៌ត្រូវបានគេប្រទះឃើញភាគច្រើននៅតំបន់ការពារទេសភាព អាង​ត្រពាំងថ្ម ក្នុងភូមិសាស្រ្តនៃខេត្ត បន្ទាយមានជ័យនិងនៅតំបន់រ៉ាមសាព្រែកទាល់ក្នុងខេត្តបាត់ដំបងជាដើម៕

រូបភាព៖ក្រសួងបរិស្ថាន

Share.