បន្ទាយមានជ័យ៖ តម្លៃពោតដំណើប ឬប្រភេទពោតសម្រាប់ស្ងោរលក់ក្នុងស្រុក មានទីផ្សារល្អប្រសើរ ដែលប្រជាកសិករ នៅតែបន្តដាំរាល់ឆ្នាំ នៅជើងភ្នំពង្រ ស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

តាមប្រជាប្រជាកសិករបានប្រាប់ឲ្យដឹងថា នៅជើងភ្នំពង្រ មានប្រជាកសិករនាំគ្នាពេញនិយមដាំពោតតំណើប ឬពោតសំរាប់ស្ងោរលក់សំរាប់ញ៉ាំប្រភេទពូជ៨៨ មានទីផ្សារល្អប្រសើរ ព្រោះរស់ជាតិផ្អែមឆ្ងាញ់ មានម៉ូយមកម៉ៅ ឬទិញផ្លូនដល់ចម្ការតែម្តង មិនពិបាកលក់ និងមានតម្លៃទីផ្សារល្អ។

កសិករអ្នកដាំពោត១រូប បានបញ្ជាក់ថា ពោតតំណើប រឺពោតផ្អែម៨៨នេះ ប្រជាកសិករភូមិពង្រពេញនិយមដាំ ព្រោះលក់បានទាំងស្នៀត និងផ្លែចាស់ ដែលឈ្មួញមកទិញ រឺម៉ៅដល់ចម្ការតែម្តង មានប៉ុន្មានគឺឈ្មួញម៉ៅ រឺទិញយកទាំងអស់ ហើយតំលៃទិញជាផ្លូន គឺមួយផ្លូន តំលៃ ៣ទៅ៤ម៉ឺនរៀល។ សំរាប់ស្នៀតពោត ឬក្តិបពោត ១គីឡូក្រាមតំលៃ១,០០០ទៅ ១,៥០០រៀល ដែលអ្នកទិញយកទៅឆារ និងស្លរ ឬធ្វើអន្លក់សម្រាប់ហូបជាមួយទឹកគ្រឿង ទឹកប្រហុកផ្សេងៗ។

ប្រជាលកសិករបានបន្ថៀបទៀតថា ចាប់ពីពេលដាំរហូតដល់ទទួលផល មានរយៈពេល២ខែ១០ថ្ងៃ អាចលើសឬខ្វះតិចតួច ទៅតាមការមើលថែរបស់ប្រជាកសិករ។ ចំពោះការដាំវិញប្រជាកសិករតែងតែដាំតាមវគ្គ ដែលមួយវគ្គច្រើនដាំ២រ៉ៃ គឺស្រួលមើលថែ ដាំជាបន្តបន្ទាប់ ដែលអាចប្រមូលផលបានជាបន្តបន្ទាប់ ដែលក្នុងផ្ទៃដី២រ៉ៃ ប្រើប្រាស់គ្រាប់ពូជដែលទិញមកពីផ្សារអស់៩ ទៅ១០កញ្ចប់ អាចលក់បានពី៤ទៅ៥លានរៀល។ បើសរុបផ្ទៃដីដាំដុះ សំរាប់តែដំណាំពោត នៅក្នុងភូមិសាស្ត្រភូមិខាងលើនេះ ប្រជាកសិករដែលដាំសរុបប្រមាណ២០ទៅ៣០ហិកតា។

ចំពោះតំលៃទីផ្សារពោតផ្អែម៨៨ នៅក្រុងសិរីសោភ័ណ គឺតំលៃល្អប្រសើរមានឈ្មួញមកទិញដល់ចម្ការជាផ្លូន ឬទិញម៉ៅចម្ការដែលឈ្មួញទិញទៅលក់បន្តក្នុងស្រុក និងស្ងោរលក់តាមសាលារៀន ផ្សារ កន្លែងកំសាន្តផ្សេងៗ ជាពិសេសឃើញស្ងោរលក់នៅតាមដងផ្លូវភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលឃើញភ្ញៀវមកឈប់ម៉ូតរថយន្ត ដើម្បីទិញញ៉ាំ និងផ្ញើសាច់ញាតិ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.