៣ថ្ងៃមកហើយដែលក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ទទួលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩ សម្រាប់មូលដ្ឋានក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងថ្ងៃទី២២ មិថុនា ថា តួលេខដែលពលរដ្ឋបានចាក់វ៉ាក់សាំងក្នុងក្រុងនិងស្រុកទាំងពីរនេះមានសរុបជិត២០.០០០នាក់ហើយ ដោយយុទ្ធនាការនៅក្រុងខេមរភូមិន្ទបានបិទបញ្ចប់តាមផែនការកាលពីល្ងាចថ្ងៃទី២១ មិថុនា រីឯស្រុកស្រែអំបិល នៅបន្តចាក់ជូនពលរដ្ឋបន្ថែម។

លោកអភិបាលរងខេត្តកោះកុង បន្ថែមថា ដោយឡែកនៅព្រឹកថ្ងៃទី២២ មិថុនានេះ ក្រុមគ្រូពេទ្យក្រសួងការពារជាតិ កំពុងសម្រុកចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី និងបុគ្គលិកប្រមាណ១៥.០០០នាក់នៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ព្រមទាំងនៅក្រុមហ៊ុន កាស៊ីណូ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

លោកបញ្ជាក់ដែរថា តាមផែការដំណើរការចាក់វ៉ាក់សាំងដូសទី១នៅពេលនេះ ត្រូវចាក់ស្រោចឲ្យអស់ជូនកម្មករ បុគ្គលិក និយោជិតនៅត្រឹមថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះ បើគ្មានអ្វីប្រែប្រួលទេនោះ។ ព្រោះជាតម្រូវការចាំបាច់ កាត់ប្រភពចម្លងថ្មីបន្តទៀត។ 

បើតាមអាជ្ញាធរខេត្តកោះកុង បន្ទាប់បិទដំណើរការចាក់វ៉ាក់សាំងជូនកម្មករ និយោជិត រួចរាល់  ក្រុមការងារជំនាញ នឹងបន្តចាក់ជូនពលរដ្ឋរស់នៅស្រុកកោះកុង ស្រុកថ្មបាំង ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៅថ្ងៃទី២៣ មិថុនា ស្អែកនេះ។

ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសខេត្ត និងក្រុមហ៊ុនកាស៊ីណូ រដ្ឋបាលខេត្តពាក់ព័ន្ធ បានសម្របសម្រួលរៀបចំទីតាំងចំនួន២ផ្សេងទៀត សម្រាប់ទទួលពលរដ្ឋមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទី១នៅវត្តចាំយាម និងក្នុងបរិវេណវត្តប៉ាក់ខ្លង។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងដែរថា បច្ចុប្បន្នភតួលេខអ្នកកើតជំងឺកូវីដ១៩នៅទូទាំងខេត្តកោះកុងមានសរុបប្រមាណ១.២០០នាក់ និងអ្នកជាសះស្បើយជិត១៥០នាក់។ រីឯអ្នកដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះមានខ្ទង់ពាន់នាក់ដែរ៕

  អត្តបទ៖សិទ្ឋី

Share.