បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តចូលផ្ទះអ្នកស្រុកបណ្តាលឲ្យរងរបួសធ្ងន់ក្មេងចំនួន ២នាក់ក្នុងស្រុកបាណន់។
ប្រភពនៅទីតាំងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ដែលបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
មុនពេលកើតហេតុគេបានឃើញរថយន្តដឹកដី ១គ្រឿងបើកបរយ៉ាងលឿនក្នុងទិសដៅពីត្បូង ទៅជើងក្នុងសភាពរេចង្កូតចុះឡើងៗទំនងអ្នកបើកបរស្រវឹងស្រាខ្លាំង។ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកចូលក្នុងផ្ទះ របស់ប្រជាពលរដ្ឋដែលមានឈ្មោះរឿង ជំរឺ នៅតាមដងផ្លូវបណ្តាលអោយក្មេងប្រុស ស្រីចំនួន ២នាក់ជាកូនរបស់ម្ចាស់ផ្ទះរងរបួសធ្ងន់ដែលម្នាក់ជាក្មេងស្រី អាយុ ១០ឆ្នាំ របួសជើង និងម្នាក់ទៀតជាក្មេងប្រុស អាយុ ៥ឆ្នាំរបួសធ្ងន់ធ្លាយពោះវៀនត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ជនបង្កឈ្មោះឃន គឹមឈឿន អាយុ ២៤ឆ្នាំ។ពេលកើតហេតុភ្លាមៗត្រូវអ្នកស្រុកឃាត់ខ្លួនបានមានទីលំនៅក្នុងខេត្តព្រៃវែង មកស្នាក់នៅដឹកដីឲ្យក្រុមហ៊ុននៅសំណង់ធារាសាស្រ្តអាងទឹកកំពីងពួយ បើកបររថយន្តដឹកដី។
ភ្លាមៗមន្រ្តីនគបាលចរាចរណ៍ស្រុក សហការជាមួយកម្លាំងស្នងការខេត្តនគរបាលខេត្តបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនទាំងជនបង្ក ទាំងវត្ថុតាងជារថយន្តទៅការិយាល័យ ជំនាញស្នងកានគរបាលរខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕


អត្ថបទ៖ដំបងក្រញូង
