ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តកញ្ចប់ឥណទាន មានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លារអាមេរិក របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងរៀបចំគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា គម្រោងនេះនឹងជួយកម្ពុជា ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ, ការសម្រួលឲ្យសេដ្ឋកិច្ចរើបឡើងវិញ ដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ ទៅនឹងស្ថានភាពអង្រួន ផ្នែកសេដ្ឋកិច្ចនាពេលអនាគត។
បើតាមធនាគារពិភពលោក ប្រទេសកម្ពុជា កំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមដែលមិនធ្លាប់មាន។ ជាលើកដំបូងហើយ ក្នុងរយៈពេល៣០ឆ្នាំ ដែលសេដ្ឋកិច្ចនៃប្រទេសនេះ នៅក្នុងឆ្នាំ២០២០ បានរួញទំហំអស់ ៣.១ភាគរយ ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅ កណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។
វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនេះ សុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើត បន្ថែមនូវបញ្ហាប្រឈម សម្រាប់ការស្តារសេដ្ឋកិច្ចឲ្យមាននិរន្តភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុត នៅមិនទាន់មាន ការរាតត្បាតជំងឺនេះ អាចនឹងបណ្តាលឲ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិតមួយលាននាក់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ៕


