កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី ឆ្នាំ​២០១៨ សាលី អ៊ូមើត នឹង​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​ម៉ូតូ​ទឹក​ជ្រើស​រើស​ជើង​ឯក​ពិ​ភព​លោក Jet Ski World Series 2021-2022 ដែល​ធ្វើ​ឡើង​នៅ ៣​ទ្វីប​ផ្សេង​គ្នា នា​ចុង​ឆ្នាំ​នេះ ។

ព្រឹត្តិការណ៍​កីឡា​ម៉ូតូ​ទឹក​ដ៏​ធំ​នេះ សម្រាប់​ជុំ​ទី​១ នឹង​ចាប់​ផ្ដើម​ការ​ប្រ​កួត​មុន​គេ នៅ​ប្រ​ទេស​ប៉ូឡូញ នៃ​តំ​បន់​អឺរ៉ុប ចាប់ពី​ថ្ងៃទី​២១-២៥ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ ខណៈ​ជុំទី២ នឹង​ប្រកួត​នៅ​សហរដ្ឋអាមេរិក ចាប់​ពី​ថ្ងៃទី៦-១០ ខែតុលា ឆ្នាំ​២០២១​ និង​ជុំទី៣ ប្រ​កួត​នៅ​ប្រទេសថៃ នៃ​តំបន់​អាស៊ី ចាប់​ពី​ថ្ងៃ​ទី១២-១៦ ខែមករា ឆ្នាំ២០២២ ។

សាលី អ៊ូមើត បាន​ឲ្យ​ដឹង​ថា​បេសកកម្ម​នេះ ​ខ្លួន​នឹង​ចូលរួម​ជាមួយ​សិស្ស​ប្អូន ២រូបទៀត រួម​មាន​កីឡាករ កៃ វ៉ាន់ស៊ីដែន និង ម៉ីន អូស្មាន ហើយ​រូប​គេ នឹង​បន្ដ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ស្គីឈរ (Ski GP) ដែល​ជា​វិញ្ញាសា​ធំ​ជាង​គេក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ។ បច្ចុប្បន្ន អ៊ូមើត កំពុង​ខិត​ខំ​ហ្វឹក​ហាត់​ជា​ខ្លាំង នៅប្រទេសថៃ ដើម្បីត្រៀម​ការ​ប្រកួត​នា​ពេល​ខាងមុខ ។

ប៉ុន្ដែ​សម្រាប់​ការ​ប្រកួត​ជុំទី១ នៅប្រទេសប៉ូឡូញ អ៊ូមើត ហាក់​មិន​សូវ​មាន​សង្ឃឹម​ខ្ពស់​នោះទេ ព្រោះ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់ ​ដើម្បី​ហ្វឹកហាត់​ជាមួយ​ម៉ូតូថ្មី​ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ប្រទេស​អូទ្រីស នៅឡើយ ។ តែយ៉ាងណា អ៊ូមើត បានប្ដេជ្ញានឹងប្រើប្រាស់បច្ចេកទេស និងបទពិសោធ​ដែល​ខ្លួន​មាន​ ដើម្បី​គ្រប់គ្រង​ម៉ូតូ និងឈានទៅ​ដណ្ដើម​លទ្ធផល​ល្អ ឆ្ពោះ​ទៅ​ជុំទី២ ​និង​ជុំ​ទី​៣​ ពិសេស​ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​ល្អតែម្ដង ។

កីឡាករ​ខ្មែរ​ឥស្លាម​រូប​នេះ ​និយាយ​ថា​ «ក្នុងព្រឹត្តិការណ៍នេះ ជុំទី១ ខ្ញុំសង្ឃឹមតែ ៥០% ដោយ​សារ​អត់​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ជាមួយម៉ូតូថ្មី ដែលបច្ចុប្បន្នស្ថិត​នៅ​អូទ្រីស នៅ​ឡើយ ។ ចឹង​អាច​ដាច់ខែនេះ ប្រហែលថ្ងៃទី៤ ខែកក្កដា ខ្ញុំទៅអាល្លឺម៉ង់ ទៅផ្ទះម្ចាស់ក្លិប ហើយ​បន្ដ​ទៅ​អូទ្រីស ដើម្បី​យក​ម៉ូតូ ចឹង​អាច​មាន​ពេល​ ២សប្ដាហ៍ ដើម្បី​ហ្វឹកហាត់។ តែរយៈពេលនេះ មិន​ជារឿង​ងាយ​ស្រួល​ទេ ព្រោះម៉ូតូថ្មី បើបានហ្វឹកហាត់ ១ខែ ទៅ ២ខែឡើងទៅ ទើបល្អ» ។

អ៊ូមើត បន្ដថា «ប៉ុន្ដែក្នុងនាមកីឡាករមានបទពិសោធម្នាក់ ខ្ញុំប្ដេជ្ញា​នឹង​ប្រើ​បទ​ពិសោធ និង​បច្ចេកទេស​របស់​ខ្ញុំ ធ្វើឲ្យបានល្អក្នុងការប្រកួតនេះ ។ អ្វីដែល​រំពឹងទុក ជុំទី១ ខ្ញុំនឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ ​ដើម្បីសន្សំពិន្ទុ បន្ដ​ទៅ​ជុំទី២ និងជុំទី៣ ។ ខ្ញុំប្ដេជ្ញានឹងខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រកួត និង​តប​ស្នង​នូវការឧបត្ថម្ភគាំទ្រ ជាក់ស្ដែងម្ចាស់ក្លិប ដែលបាន​ចំណាយ​ថវិកា និងទិញម៉ូតូថ្មីឲ្យខ្ញុំ សម្រាប់​​ចូលរួម​ព្រឹត្តិការណ៍​ធំៗ ពិសេស​ខ្ញុំនឹង​ខំប្រឹង​ឲ្យអស់ពីលទ្ធភាព ដើម្បី​ដណ្ដើម​លទ្ធ​ផល​ល្អ​ជូន​ប្រទេស​​ជាតិ​របស់​យើង ក៏ដូចជាក្លិប ដែលខ្ញុំកំពុងប្រកបអាជីពនៅប្រទេសថៃ» ។

គួរដឹងថា សាលី អ៊ូមើត បានចូលរួមប្រកួតលើវិញ្ញាសា Ski GP លើក​ដំ​បូង ក្នុងព្រឹត្តិការណ៍​ពិភពលោក​នេះ ​នៅ​ប្រទេស​ថៃ កាល​ពីចុងខែ​មេ​សា​កន្លង​ទៅ ហើយគេបានបំបែកកំណត់ត្រាថ្មី ក្នុង​នាម​ជា​កីឡាករ​អាស៊ីដំបូង ដែលដណ្ដើមបានចំណាត់ថ្នាក់ Top-10 ក្រោយ​បញ្ចប់​ការប្រកួត​ក្នុង​ចំណាត់​ថ្នាក់​លេខ៤ ទោះបី អ៊ូមើត បានប្រើម៉ូតូទឹកចាស់ ដែលខ្លួនបានយកទៅប្រកួត និង​ដណ្ដើម​បាន​មេដាយ​មាស​កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ក៏ដោយ៕

ប្រភព៖Sea Games 2023

Telegram-Troryorng
Share.