សិល្បៈជាតិ៖ ថ្មីៗនេះ អ្នកកំប្លែងល្បីនៅលើ TikTok គឺនាយ ធុងប៉េត្រូ បានចេញមកដង្ហោយរកយុត្តិធម៌នៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីទទួលដំណឹងថា បងប្រុសរបស់លោកត្រូវរត់យន្តបុកស្លាប់នៅក្នុងព្រះសីហនុ ហើយរថយន្តរត់គេចបាត់ស្រមោល។
នាយ ប៉េត្រូ បង្ហោះសារនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា ៖ «បងៗប៉ូលិស ខាងកំពង់សោមអើយ គេបុកបងប្រុសបង្កើតខ្ញុំស្លាប់ រត់បាត់ហើយជួយចាប់ឡានផង »។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៣-១៩៤។ សពជនរងគ្រោះមានឈ្មោះ ទុយ កុសល ( ត្រូវជាបងប្រុសបង្កើតរបស់ នាយ ធុងប៉េត្រូ ) ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះ៦៧៧ ភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូ ម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H-2429 ។
រហូតមកទល់ពេលនេះ នាយ ប៉េត្រូ បានទៅទទួលយកសពបងប្រុសមកចាត់ចែងរៀបចំបុណ្យសពតាមប្រពៃណី និងបានសហការជាមួយសមត្ថកិច្ច កំពុងស្រាវជ្រាវស្វែងរកភាគីខាងរថយន្ត ដើម្បីអនុវត្តនីតិវិធី៕




