គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអំពាវនាវឲ្យបញ្ឈប់ការចែកចាយ និងប្រើប្រាស់ជាបន្ទាន់ នូវអាល់កុលក្លែងក្លាយក្រោយពីសមត្ថកិច្ចទើបតែបង្ក្រាបអាល់កុល ក្លែងក្លាយជាង៧ម៉ឺនកាលពីដើមខែមិថុនានេះ។
អង្គភាពជំនាញមួយនេះបញ្ជាក់ថា អាល់កុលក្លែងក្លាយ (ប្រើសារធាតុមេតាណុលលើសកម្រិត តាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ និងក្រសួងសុខាភិបាល) ចំនួន ៧៤,០៦០លីត្រ ដែលបានធ្វើការបង្ក្រាបនៅទីតាំងស្ថិតនៅភូមិព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានបញ្ជាទិញយកទៅចែកចាយបន្ត និងប្រើប្រាស់នៅតាមទីតាំងមួយចំនួនរួចមកហើយ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានរំលឹកថា អាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេស មេរោគកូវីដ-១៩ អ្វីទាំងអស់។ពុំមានច្បាប់អនុញ្ញាត ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអ្វីទាំងអស់។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានស្នើដល់មន្ទីរពេទ្យ គ្រឹះស្ថានឱសថស្ថាន ឱសថស្ថានរង ទីកន្លែងប្រកបអាជីវកម្មនានា និងសាធារណជន ដែលបានបញ្ជាទិញអាល់កុលក្លែងក្លាយកន្លងមកសូម បញ្ឈប់ការចែកចាយ និងប្រើប្រាស់ អាល់កុលក្លែងក្លាយទាំងនេះ ជាបន្ទាន់។ ប្រគល់អាល់កុលក្លែងក្លាយទាំងនេះ មកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ដែលស្ថិតក្នុងក្រសួងមហាផ្ទៃ (អគារ H) ក្នុងអំឡុងពេល០១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីយក ទៅកម្ទេចចោល តាមនីតិវិធីតុលាការ៕


