អ្នករត់ម៉ូតូឌុបម្នាក់ដែលបានដឹកពលករលួចឆ្លងដែន ខុសច្បាប់បានសារភាពថា ខ្លួនត្រូវបានលោក មេប៉ុស្តិ៍ដើមកកោះ ខលហៅខ្លួនដឹកពលករដែលលួចឆ្លងដែនពីប្រទេសថៃ ចូលមក មកកម្ពុជាតាមច្រករបៀងក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្នុងដែនគ្រប់គ្រងរបស់ប៉ុស្តិ៍ដើមកកោះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក911 តែត្រូវកម្លាំងចម្រុះធ្វើការឃាត់ខ្លួន។

អ្នករត់ម៉ូតូឌុបដដែលបានសារភាពបន្ថែមថា   មុនពេលដែលកម្លាំងយោធាផ្នែកសឹងរងក្រុងប៉ោយប៉ែត និងកម្លាំងយោធាកងពល 51 ធ្វើការឃាត់ខ្លួននៅវេលម៉ោង 9.10នាទីយប់ថ្ងៃទី01 ខែកក្តដា ឆ្នាំ2021 លោកមេប៉ុស្តិ៍ដើមកកោះ ឈ្មោះ ឆាយ សុជាតិ ហៅនី បានខលហៅខ្លួនឲ្យទៅដឹកពលករចំនួន07នាក់(ស្រី3នាក់) គោលដៅឆ្ពោះទៅក្រុងប៉ោយប៉ែតដោយយកតែថ្លៃម៉ូតូឌុបក្នុងម្នាក់ 100បាត។ អ្នករត់ម៉ូតូឌុបនេះបញ្ជាក់ថា ខ្លួនត្រូវបានមេប៉ុស្តិ៍ខាងលើហៅមកដឹកពលករចំនួន2ដងរួចមកហើយ។

តាមចម្លើយពលករបានឲ្យដឹងថា ពួកគេត្រូវចំណាយលុយចំនួន6,000បាត ស្មើនឹង730,000រៀល  ដើម្បីចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងគេចវេសពីការធ្វើចត្តាឡីស័ក ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក911 បានប្រាប់ថា ចំពោះរឿងពលករលួចឆ្លងដែនខាងលើ លោកនឹងសួរនាំមេប៉ុស្តិ៍កកោះ៕

អត្ថបទ៖ប៉ោយប៉ែត

Share.