មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១បានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងភូមិសាស្ត្រស្រុកសន្តាន់ ខេត្តកំពង់ធំ។ក្នុងហេតុការន៍នោះមានបុរសម្នាក់បានបាត់បង់ជីវិត ភ្លាមៗនៅ ត្រង់ចំណុច ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់។

ជនបង្កត្រូវបានគេស្គាល់ថា ជាឈ្មួញឈើដុះស្លែ មួយរូប នៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់នេះ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុងពណ៌ ស ពាក់ស្លាកលេខ ( ភ្នំពេញ 2P-0140) ដឹកឈើចេញពីផ្លូវសំអោង ក្នុងល្បឿនលឿន ក៏រ៉េចង្កូតចូលគន្លងផ្លូវខាងជនរងគ្រោះ ហើយក៏បុកជនរងគ្រោះ ពេញមួយទំហឹងតែម្ដងទៅ នៅខណៈដែល ជនរងគ្រោះកំពុងជិះម៉ូតូ បញ្ច្រាស់ទិសគ្នា។

ភ្លាមៗនោះ រថយន្តបង្ក ព្យាយាមបើកគេច ទាំងក្នុងរថយន្តមានផ្ទុកឈើពេញ ប៉ុន្តែ រថយន្តបែកកង់ ក្រោយមកក៏បើកមកលាក់ទុកក្នុងបរិវេណ សាលាបឋមសិក្សា វង្សមានរិទ្ធ។

ជនរងគ្រោះឈ្មោះណែម ឡេង អាយុ៤៨ឆ្នាំ នៅភូមិកើតហេតុខាងលើ។ បច្ចុប្បន្នរថយន្តនេះ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសណ្តាន់ រង់ចាំចំណាត់ការបន្តតាមនិតិវិធី៕

អត្ថបទ៖ភ្នាក់ងារកំពង់ធំ

Share.