គិតត្រឹមរយៈពេល៦ថ្ងៃនៃ ដើមខែកក្កដា ឆ្នាំ២០២១នេះ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខ្យល់កន្ត្រាក់បានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំងកម្រិតធ្ងន់ និងស្រាលអស់ជិត ៤០០ខ្នង។

មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី ០៧ ខែកក្កដានឆ្នាំ ២០២១នេះថា ខ្យល់កន្ត្រាក់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងគិតត្រឹម ៦ថ្ងៃដើមខែកកក្កដានេះបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រួមទាំងអាគារសាលារៀនសរុបចំនួន ៣៧៣ខ្នង ស្មើ ១៨០១គ្រួសារ។ក្នុងនោះក៏បានបង្កឲ្យស្ត្រី ១នាក់បានស្លាប់ផងដែរ។

ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ឥទ្ធិពលនៃសម្ពាធទាបបាន ចាប់តាំងពីថ្ងៃទី ១ កក្កដាមកនេះ បានធ្វើឲ្យស្រុកចំនួន ៦ របស់ខេត្តបាត់ដំបងរងផលប៉ះពាល់រួមមាន៖ស្រុកមោងឫស្សី ស្រុកឯកភ្នំ សង្កែ ស្រុករុក្ខគិរី បាណន់ និងស្រុកកំរៀង។ ក្នុងនោះផ្ទះរងគ្រោះធ្ងន់ធ្ងរចំនួន ៤១ខ្នង, ប៉ះពាល់កម្រិតមធ្យមចំនួន ១៥៤ខ្នង, រងគ្រោះស្រាលចំនួន ១៧៥ខ្នង, សាលារៀន ៥ខ្នង, រោងបុណ្យចំនួន ២ និងបង្កឲ្យស្ត្រី ១នាក់ត្រូវផ្ទះសង្កត់លើស្លាប់ របួស ១នាក់ រួមទាំងដំណាំផ្សេងៗមួយចំនួនទៀត។

ជាការឆ្លើបតបទៅនឹងគ្រោះធម្មជាតិនេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងកំពុងពន្លឿនស្រង់តួលេខជនរងគ្រោះ ផ្តល់ស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគដើម្បីសម្រាលបន្ទុកខ្វះខាតផងដែរ៕

អត្ថបទ៖ដំបងក្រញូង

Share.