កាលពីថ្ងៃព្រហស្បតិ៍ ទី ១ ខែកក្កដា ឆ្នាំ២០២១ កញ្ញា សឹម ស្រីនិច្ច ធ្លាប់បានចេញមកប្រកាសម្ដងហើយថា កញ្ញានឹងលាចាកពីជីវិតសិល្បៈ រហូតមកដល់ថ្ងៃពុធ ទី៧ ខែកក្កដា ២០២១ តារាស្រីរូបនេះបានចេញមកប្រកាសម្ដងទៀតថា ស្នាដៃរឿង «កញ្ញាមុខឈើ» ដែលនឹងចាប់បញ្ចាំងចាប់ពីថ្ងៃទី ១២ ខែកក្កដា ខាងមុខនេះគឺជាស្នាដៃរឿងចុងក្រោយរបស់ខ្លួន ព្រមទាំងបញ្ជាក់មូលហេតុច្បាស់ដែលធ្វើឱ្យកញ្ញា ដកឃ្លា ឃ្លាតឆ្ងាយ ហើយបញ្ចប់ជីវិតសិល្បៈរយៈពេល៦ឆ្នាំ របស់ខ្លួន។

ដំបូងឡើយ តួឯកស្រីពីភាពយន្តភាគ «កញ្ញាមុខឈើ» ដៃគូសម្ដែងរបស់ប្រុសស្អាត ទ្រី ដារ៉ាវុធ បានចេញមកថ្លែងអំណរគុណចំពោះមិត្តរួមអាជីព ពិសេសផលិតកម្ម អ្នកដឹកនាំផ្សេងៗ ដែលបានផ្ដល់ឱកាសឱ្យកញ្ញាបានបង្ហាញសមត្ថភាពរបស់នៅក្នុងការសម្ដែងនានាកន្លងមក ដោយក្នុងនោះ កញ្ញា ក៏បានសុំអភ័យទោសដែលកញ្ញាងត្រូវបដិសេធលែងទទួលថតទៀត ព្រោះតែកញ្ញា មានធុរកិច្ចត្រូវគ្របគ្រងនិងមើលថែ ប៉ុន្តែកញ្ញាមិនបានបញ្ជាក់ឱ្យច្បាស់នោះទេថាជាការងារអ្វី។

យ៉ាងណាមិញថ្ងៃនេះ ការបង្ហោះរបស់កញ្ញា សឹម ស្រីនិច្ចអាចបញ្ជាក់យ៉ាងច្បាស់ហើយថា ការដែលស្រីស្អាតរូបនេះបញ្ចប់អាជីពសិល្បៈ ទីមួយគឺគ្រប់គ្រងធុរកិច្ច ទីពីរគឺដោយសារតែកញ្ចប់ត្រៀមខ្លួនចូលរោងជ័យ ឬអាចនិយាយមួយបែបទៀតគឺកញ្ញាកំពុងតែត្រៀមខ្លួនរៀបមង្គលការធ្វើជាអនាគតកូនក្រមុំ។ ប៉ុន្តែកញ្ញា មិនបានបញ្ជាក់ទេថា កញ្ញា នឹងរៀបចំពិធីមង្គលនៅពេលណាមួយនោះ នេះអាចមកពីបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់មានសញ្ញាណថយចុះក៏ថាបាន។
សារព័ត៌មានត្រយងសូមជូនពរ ឱ្យកញ្ញា សឹម ស្រីនិច្ច មានតែសេចក្ដីសុខ សុភមង្គលក្នុងជីវិតគូ ស្រលាញ់គ្នាជារៀងរហូតដល់ចាស់កោងខ្នង។

