បុណ្យ​«​រុក្ខទិវា​»​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់ ព្រះ​បរម​រតន​កោ​ដ ព្រះ​មហា​វីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើង​វិញ និង​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជា​ពិសេស ដើម្បី​បណ្តុះ​គំនិត​ថែរក្សា ការពារ និង​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​។

យោងតាមឯកសារបង្ហាញថា  «ពិធីរុក្ខទិវា» បានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នំា ១៩៥២។

ជាមួយគ្នានេះ ច្បាប់ស្តីពីព្រៃឈើនាឆ្នំា២០០២ ជំពូកទៅ១២ មាត្រា៦០ បានចែងថា៖ ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដំាកូនឈើ ជាប្រពៃណីជាតិហៅថា៖ «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នំាក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។

ទិវានេះត្រូវបានចាត់ទុកថាជាទិវាដ៏មានអត្ថន័យនិងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ ឆ្លុះបញ្ចំាងពីភាពរឹងមំាការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្ម សាមគ្គីភាព រវាងប្រជារាស្រ្តនិងមន្រ្តីរាជការទូទំាងប្រទេសក្នុងការជំរុញលើកទឹកចិត្តចូលរួមចលនាដំាដើមឈើដើម្បីផ្ដល់ជាសារប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម កិច្ចគំាពារបរិស្ថាន។

រាជរដ្ឋាភិបាលកម្ពុជាកន្លងមក បានដាក់ចេញនូវគោលនយោបាយជាអាទិភាពលើការថែរក្សាការពារព្រៃឈើ ការដំាដើមឈើឡើងវិញ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាពនិងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីពហុប្រយោជន៍នៃព្រៃឈើ។

ក្នុងថ្ងៃបុណ្យ​«​រុក្ខទិវា​»៩កក្កដានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពូជាសម្តេចតេជោហ៊ុន សែនបានអំពាវនាវឲ្យប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ចូលរួម​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ នឹង​ចូលរួម​ដាំ​ដុះ កូន​ឈើ​ ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ ឲ្យ​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍ ដល់​ការ​រស់នៅ​របស់​ខ្លូ​ន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ជា​ច្រើន​ផង​​ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ​នៅ​គ្រប់​ជំនាន់​៕

Share.