អតីត​​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​កាណាដា Marcus Haber និង​ក្លិប​បាល់ទាត់​វិសាខា សុទ្ធ​តែ​បាន​បង្កើត​កំណត់ត្រា​ថ្មី​នៅ​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 នេះ​ក្នុង​ជំនួប​​ជ័យជម្នះ​លើ​ក្រុម​​ម្ចាស់​ផ្ទះ​អាស៊ីអឺរ៉ុបយូណាយធីត រសៀល​ថ្ងៃ​សៅរ៍ ទី១០ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park។

៩គ្រាប់​ជ័យជម្នះ​​របស់​វិសាខា រក​បាន​ដោយ​កីឡាករ Marcus Haber ចំនួន ៤គ្រាប់ កីឡាករ​នីហ្សេរីយ៉ា Ajayi Opeyemi Korede ២គ្រាប់ កីឡាករ កែវ សុខផេង ២គ្រាប់ និង​កីឡាករ ទិត្យ ឌីណា ១គ្រាប់។ ​

​កីឡាករ Marcus Haber នាពេលកន្លង​មក

ដូច្នេះ​កំណត់ត្រា​ថ្មី​របស់​​កីឡាករ Marcus Haber ជា​កីឡាករ​ដំបូង​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​១​ប្រកួត​ គឺ​៤គ្រាប់​ម្នាក់​ឯង ច្រើន​ជាង​កីឡាករ​កាមេរ៉ូន Abbee Ndjoo របស់​អាស៊ីអឺរ៉ុប កីឡាករ​ប្រេស៊ីល Marques Marcio របស់​ប្រេស៊ីល និង​កីឡាករ ចាន់ វឌ្ឍនាកា ធ្លាប់​រក​បាន​ម្នាក់​៣គ្រាប់​ក្នុង​១ប្រកួត។

ចំណែក​កំណត់ត្រា​របស់​ក្រុម​វិសាខា វិញ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​ដែរ ដោយ​​ជា​ក្រុម​ដែល​ទាត់​បញ្ចូល​ទី​គូ​ប្រកួត​បាន​ច្រើន​គ្រាប់​ជាង​គេ គឺ​រហូត​ដល់​៩គ្រាប់ ក្នុង​១ប្រកួត ខណៈ​​ក្រុម​ដែល​​ធ្លាប់​ទាត់​បញ្ចូល​ទី​គូ​ប្រកួត​ក្នុង​ជ័យជម្នះ​ច្រើន​គ្រាប់​គឺ​ពេល​ភ្នំពេញក្រោន ឈ្នះ​សូលទីឡូអង្គរ ៧ទល់១ និង​វិសាខា យក​ឈ្នះ​អគ្គីសនីកម្ពុជា ៧ទល់០ នា​ពេល​កន្លង​មក។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ប្រកួត​នេះ​ជា​ប្រកួត​ដែល​​បំប៉ោង​សំណាញ់​​ទី​គ្នា​​ច្រើន​គ្រាប់​ជាង​គេ​ដែរ ខណៈ​​ប្រកួត​ដែល​ទាត់​ចូល​ទី​គ្នា​ច្រើន​គ្រាប់​ជាង​គេ​កន្លង​មក​ត្រឹម​៨គ្រាប់​ប៉ុណ្ណោះ គឺ​ពេល​​ភ្នំពេញក្រោន ឈ្នះ​សូលទីឡូអង្គរ ៧ទល់១ ដែល​បូក​ទៅ​មាន​៨គ្រាប់។

លទ្ធផល​ដំណាល​គ្នា​ក្នុង​សប្ដាហ៍​ទី៧ នេះ​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត យក​ឈ្នះ​ក្រុម​គីរីវង់សុខសែនជ័យ ១ទល់០ លើ​ទីលាន​កីឡដ្ឋាន Cambodia Airway Stadium ហើយ​ក្រុម​ខេត្ត​ព្រៃវែង បាន​ចាញ់​​មជ្ឍមណ្ឌល​កងយោធពលខេមរភូមិន្ទ (ទ័ព) ដោយ​លទ្ធផល​២ទល់១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ព្រៃវែង ខ្លួន៕

Telegram-Troryorng
Share.