សប្ដាហ៍​ទី៧ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​បញ្ចប់​ការ​ប្រកួត​ចំនួន​៤គូ​ហើយ នៅ​ថ្ងៃ​សៅរ៍ ទី១០ ខែ​កក្កដា ឆ្នាំ២០២១ នេះ ខណៈ​ក្រុម​វិសាខា បឹងកេត មជ្ឍមណ្ឌល​កងយោធពលខេមរភូមិន្ទ (ទ័ព) និង​ព្រះខ័នរាជស្វាយរៀង សុទ្ធ​តែ​ឈ្នះ​ដូចគ្នា។

ក្រុម​វិសាខា ឈ្នះ​​ក្រុម​អាស៊ីអឺរ៉ុប ៩ទល់០ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ខណៈ​កីឡាករ ​ Marcus Haber ចំនួន ៤គ្រាប់ កីឡាករ​នីហ្សេរីយ៉ា Ajayi Opeyemi Korede ២គ្រាប់ កីឡាករ កែវ សុខផេង ២គ្រាប់ និង​កីឡាករ ទិត្យ ឌីណា ១គ្រាប់។

អត្ថបទពាក់ព័ន្ធ៖កីឡាករ Marcus Haberនិង​វិសាខា បង្កើត​កំណត់​ត្រា​ថ្មី​នៅ​លីគ​កំពូល​កម្ពុជា​រដូវកាលនេះ

ចំណែក​ក្រុម​បឹងកេត បាន​ឈ្នះ​លើ​ក្រុម​គីរីវង់សុខសែនជ័យ ១ទល់០ លើ​ទីលាន​កីឡដ្ឋាន Cambodia Airway Stadium។ គ្រាប់​បាល់​ជ័យជម្នះ​របស់​បឹងកេត រក​បាន​ដោយ​កីឡាករ ឪ ភារុណ នៅ​នាទី​៩០+៥។

ចំពោះ​ក្រុម​ខេត្ត​ព្រៃវែង បាន​ចាញ់​​មជ្ឍមណ្ឌល​កងយោធពលខេមរភូមិន្ទ ដោយ​លទ្ធផល​២ទល់១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ព្រៃវែង ខ្លួន។ ដំបូង​ឡើយ​កីឡាករ​អ៊ូបេគីស្ថាន Alisher Mirzaev នៅ​នាទី​២០ ហើយ២​គ្រាប់​វាយ​បក​​របស់​ទ័ព ដោយ​កីឡាករ គីម សុបញ្ញា (ធ្វើ​ឱ្យ​បូត​ចូល​ទី​ខ្លួន​ឯង​ដោយ​អចេតនា) នៅ​នាទី​ទី២២ និង​ចុងក្រោយ​កីឡាករ ញាណ សុស៊ីដែន នៅ​នាទី​ទី៩០+១។

ដោយ​ឡែក​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​សូលទីឡូអង្គរ ដោយ​​លទ្ធផល ២ទល់១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។ កីឡាករ​កាមេរ៉ូន​ Privat និង​កីឡាករ​ជប៉ុន Kobayashi Daisuke រក​បាន​គ្រាប់​បាល់​ម្នាក់​១គ្រាប់​ឱ្យ​ម្ចាស់​ផ្ទះ ខណៈ​កីឡាករ​ជប៉ុន Kageyama Reo រក​បាន​គ្រាប់​បាល់​វាយ​បក​ឱ្យ​សូលទីឡូអង្គរ។

សម្រាប់​គូ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ វិញ​មាន​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ប៉ះ​ភ្នំពេញក្រោន នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន 7NG និង​ក្រុម​អង្គរថាយហ្គឺរ ប៉ះ​ក្រុម​​អគ្គីសនីកម្ពុជា នៅ​វេលា​ម៉ោង​ដំណាល​គ្នា តែ​លើ​ទីលាន​កីឡដ្ឋាន SRU Stadium ក្នុង​ក្រុង​សៀមរាប៕

Telegram-Troryorng
Share.