ភ្នំពេញ ៖ ឪពុកម្តាយស្រែកទហោយំបោកខ្លួនស្ទើរសន្លប់ បន្ទាប់ពីកូនប្រុសចុះលេងទឹករណ្តៅដីលង់លិចស្លាប់បាត់ ចំណែកមិត្តភ័ក្រ៤នាក់ទៀត មិនហ៊ានចុះជួយព្រោះជម្រៅទឹកជ្រៅពេក ហើយខ្លួនក៏មិនចេះហែលទឹកដូចគ្នា។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នៅរណ្តៅដីមួយកន្លែង ក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងរងគ្រោះឈ្មោះ កុល សម្បត្តិរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា រៀនថ្នាក់ទី៨ នៅសាលាអនុវិទ្យាល័យ អារុណវតី មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះរួមជាមួយមិត្តភ័ក្រ សរុបគ្នាចំនួន៥នាក់ ចេញពីសាលារៀន នាំទៅទៅងូតទឹកលេងក្នុងរណ្តៅដី ដែលមានជម្រៅជាង១០ម៉ែត្រ មាន២នាក់ឡើងជិញកេសស្នោ ជនរងគ្រោះចុះងូតក្នុងទឹក ស្រាប់តែផុងជើងចូលកន្លែងជ្រៅ មិនចេះហែលផង ទើបបណ្តាលឲ្យលង់លិចបាត់ ចំណែក៤នាក់ទៀត ក៏មិនចេះហែលទឹក ជួយមិនបាន នាំគ្នាឡើងគោក រត់ទៅតាមហៅក្រុមគ្រួសារ ឪពុកម្តាយ ទៅដល់ស្រែកទ្រហោយំបោកខ្លួនស្ទើរសន្លប់ ទើបបង្កឲ្យភ្ញាក់ផ្អើល ទាំងប្រជាពលរដ្ឋ សមត្ថកិច្ច ចុះទៅដល់ទីតាំងកើតហេតុ ។

ដោយស្ថានភាពទឹករណ្តៅដីជ្រៅ ទើបស្នើសុំអន្តរាគមន៍ពីអង្គភាព៩១១ ឆ័ត្រយោង បំពាក់ឧបករចុះទៅរាវរក ប្រទះឃើញសពនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ស្រង់ឡើងគោក ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕




