កំពង់ចាម ៖ រោងស្នាក់នៅរបស់កម្មករ និងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនសុិនទ្រី ចំនួន៦គ្រឿង ម៉ូតូរបស់កម្មករចំនួន៦គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ ផ្តើមចេញពីទុស្សេចរន្តអគ្គិសនី នៅរោងស្នាក់នៅរបស់កម្មករ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំងរបស់ក្រុមហ៊ុន សុិនទ្រី ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេចរន្តភ្លើងនៅរោងស្នាក់នៅរបស់កម្មករសុិនទ្រី រាលដាលដល់រថយន្ត ម៉ូតូ ឈប់ចតក្បែរនោះ យ៉ាងសន្ធោសន្ធៅ ផ្អើលពលរដ្ឋនាំគ្នាជួយពន្លត់ តែមិនឈ្នះ រហូតដល់កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅជួយ ម្ចាស់អ្នកគ្រប់គ្រងទីតាំងខាងលើ ឈ្មោះឈុំ សារ៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ និងប្រពន្ធឈ្មោះវន់ គឹមហ៊ាន់ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។

ហេតុការណ៍ខាងលើ រោងស្នាក់នៅរបស់កម្មករ ទំហំ១៥ម៉ែត្រx៤៥ម៉ែត្រ ប្រក់ស័ង្កសី ត្រូវបានភ្លើងឆេះអស់ ខូចខាតរថយន្តដឹកសំរាមអស់ចំនួន៦គ្រឿង ម៉ូតូរបស់កម្មករចំនួន៦គ្រឿង ខូចខាតសម្ភារៈមួយចំនួន និងរបួសមនុស្ស២នាក់ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តឋបន្លត់អគ្គិភ័យចំនួន១៨គ្រឿង មកពីបណ្តាស្រុក ក្រុងនិងស្នងការខេត្ត បាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ៖តាតុងសែនជ័យ

