ស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ជំនាញដើរលួចគោ ក្របីអ្នកស្រុក ពន្លះយកសាច់ទៅលក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមទាន់ចាប់ឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង ជាក់ស្តែង កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ឡុង ហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានស្រុកកំណើតនៅភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រទះឃើញជនសង្ស័យកំពុងសម្លាប់គោ ពន្លះយកសាច់ នៅក្នុងព្រៃ ក្នុងភូមិខាងលើ សង្ស័យរាយការណ៍ប្តឹងទៅសមត្ថកិច្ច ចុះទៅដល់ចំណុចខាងលើ ប្រទះជួបជនសង្ស័យជិះម៉ូតូដឹកសាច់គោចេញពីព្រៃ ឃាត់សាកសួរ ទើបដឹងថាជនសង្ស័យលួចគោអ្នកស្រុក កាប់ពន្លះយកសាច់ទៅលក់ នៅរអូរពងមាន់។

បន្ទាប់ពីឃាត់ខ្លួនបាន សមត្ថកិច្ចរកឃើញ កាំបិត ពូថៅ ដែលជនសង្ស័យប្រើក្នុងបទល្មើស រួចនាំយកទៅសាកសួរនៅអធិការដ្ឋានស្រុក រួចបញ្ជូនបន្តទៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.