ចលនាប្រជាការពារត្រូវបានក្រសួងមហាផ្ទៃរៀបចំឡើងតាមរយៈគម្រោងចាត់តាំងចលនាការពារសន្តិសុខមាតុភូមិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការរលំរលាយទាំងស្រុងអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជាកាលពីឆ្នាំ១៩៩៨ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមរបាយការណ៍ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាង វិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ នៅទីស្ដីក្រសួងមហាផ្ទៃក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

យោងតាមសេចក្ដីព្រាង វិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ ចលនាប្រជាការពារ ជាវិធានការក្នុងការកៀរគរកម្លាំងប្រជាពលរដ្ឋទាំងមូលចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅ ទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា។ ក្រសួងមហាផ្ទៃបានដាក់ចេញគោលការណ៍ វិធានការនានាជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍កិច្ចដំណើរការនៃចលនា ប្រជាការពារនេះ ដោយបានធ្វើផែនការណែនាំបន្ថែមអំពីការចាត់តាំងចលនាការពារសន្តិសុខមាតុភូមិ ចលនាប្រជាការពារកាលពីឆ្នាំ២០០៥ និងបានធ្វើសេចក្ដីណែនាំស្តីពីការចាត់តាំងចលនាការពារសន្តិសុខមាតុភូមិ ចលនាប្រជាការពារកាលពីឆ្នាំ២០១១ ក្នុងទិសដៅជំរុញប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបាន សន្តិសុខ សុវត្ថិភាពសហគមន៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាកម្លាំងប្រជាការពារកាន់តែចូលរួមបានសកម្មក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។ សម្ដេចបានរម្លឹកថានៅឆ្នាំ២០១៣ កម្លាំងប្រជាការពារក៏បានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងចលនាបដិវត្តន៍ពណ៌ ហើយនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ ក៏បានរួមចំណែកការពារសន្តិសុខបោះឆ្នោតបានយ៉ាងល្អប្រសើរផងដែរ។ សម្ដេចបានវាយតម្លៃថារហូតមកដល់ពេលនេះ ទោះបីយន្តការពាក់ព័ន្ធនឹងការគ្រប់គ្រង និងពង្រឹងកម្លាំងប្រជាការពារនៅមិនទាន់មានភាពជាក់លាក់ ប៉ុន្តែឆ្លងកាត់បទពិសោធអនុវត្ត កម្លាំងប្រជាការពារបានទទួលការគាំទ្រពីប្រជាពលរដ្ឋ និងទទួលបានការជួយជ្រោមជ្រែងពីរដ្ឋបាលមូលដ្ឋាន រួមទាំងភាគីពាក់ព័ន្ធផងដែរ។ សម្ដេចបញ្ជាក់ថាផ្ដើមចេញពីចំណុចវិជ្ជាមានជាច្រើនដូចបានបញ្ជាក់មកនេះ សម្ដេចក៏បានចាត់តាំងឱ្យរៀបចំសិក្សាអំពីវិធានការទូទៅ ស្ដីពី ការកសាងកម្លាំងប្រជាការពារ រហូតឈានដល់ការបើកកិច្ចប្រជុំពិនិត្យពីភាក្សានៅថ្ងៃនេះ។

បច្ចុប្បន្ន នៅជាង១ពាន់ឃុំ សង្កាត់ ក្នុង២៥រាជធានី ខេត្ត​ សុទ្ធតែមានកម្លាំងប្រជាការពារចូលរួមគាំទ្រការបំពេញភារកិច្ចថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមួលដ្ឋានរបស់អាជ្ញាធរ ហើយតាមបណ្ដាខណ្ឌ ក្រុង និងស្រុកក៏មានកម្លាំងប្រជាការពារដែរ។ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ មានកម្លាំងប្រជាការពារជាង១ម៉ឺននាក់បានចូលរួមថែរក្សាសន្តិសុខបោះឆ្នោតជាមួយកម្លាំងអាជ្ញាធរដែលមានស្រាប់។ កាលពីឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាក្រសួងមហាផ្ទៃកំពុងខិតខំរៀបចំអភិវឌ្ឍន៍កម្លាំងប្រជាការពារឱ្យកាន់តែមានសមត្ថភាពដើម្បីរួមចំណែកជួយដល់សមត្ថកិច្ចនគរបាលឃុំ សង្កាត់។

សៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ បានកត់ត្រាប្រសាសន៍សម្ដេចក្រឡាហោមថ្លែងអំពីកម្លាំងប្រជាការពារ ដោយសម្ដេចបានមានប្រសាសន៍ក្នុងន័យដើមថា «យើងមាននាយកដ្ឋាននគរបាលប៉ុស្តិ៍រដ្ឋបាល ប៉ុន្តែតួនាទីរបស់គាត់មិនទាន់បាននិយាយដល់ប្រជាការពារទេ មិនបាននិយាយពីការគាំទ្រឬមួយក៏ជួយអភិវឌ្ឍន៍ប្រជាការពារនៅឡើយទេ។ អ៊ីចឹងហើយ សូមឯកឧត្តម ប៊ុន ហុន(រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជួយបញ្ចូលកិច្ចការហ្នឹងទៅក្នុងតួនាទីរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នាយកដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបានពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលផង ហើយអភិវឌ្ឍន៍ប្រជាការពារផង»៕

Share.