ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយទទួលបាន ការ ឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រើយុទ្ធសាស្ត្រឃ្លាំមើល និងឃាត់ស្ទាក់មធ្យោបាយដឹកជញ្ជូននូវផលិតផលសាច់បង្កកដែលរួមស្លាបមាន់ចំនួន ១,៥០០គីឡូក្រាម ប្រហិតសាច់មាន់ សាច់/គ្រឿងក្នុងជ្រូក ត្រីសាបាក់ និងគ្រឿង សមុទ្រ ចំនួន ៤,៤៤១ គីឡូក្រាម សរុបចំនួន ៥.៩៤១គីឡូក្រាម ដែលចរាចរចូលមកក្នុង ព្រះរាជាណាចក្រកម្ពុជាតាមច្រកនានាក្នុងខេត្តទាំងពីរខាងលើ។

ក្រោយការត្រួតពិនិត្យ និងធ្វើតេស្តលើសំណាកគំរូសាច់បង្កកទាំងនោះ មន្ត្រីជំនាញ នៃ សាខា ក.ប.ប. ទាំងពីរ បានពិនិត្យឃើញថាផលិតផលសាច់បង្កកទាំងនោះ សុទ្ធតែពុំមាន គុណភាពស្របតាមបទដ្ឋានបច្ចេកទេស ដោយ សារការរក្សាទុកពុំបានត្រឹមត្រូវ មានក្លិន ស្អុយ មានបាក់តេរី និងពុំមានឯកសារនាំចូលទំនិញ ជាពិសេសវិញ្ញាបនបត្រអនាម័យ និងភូត្តគាមអនាម័យនោះទេ ដែលជាចុងក្រោយមន្ត្រីជំនាញ ក.ប.ប. និងអាជ្ញាធរពាក់ព័ន្ធ បានឯកភាពដុតកម្ទេចចោលនូវផលិតផលសាច់បង្កកទាំងនោះនៅតាមទីតាំងដែលបានកំណត់រៀងខ្លួន។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅមន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករខេត្ត ក៏ធ្លាប់ ឃាត់ស្ទាក់បានរថយន្តដឹកផលិតផលសាច់បង្កកដែលមិនអនុលោមតាមបច្ចេកទេសក្នុងការរក្សាទុក បណ្តាលឱ្យខូចគុណភាព សរុបចំនួន ១,០៧៣គីឡូក្រាម ហើយបាន ដុតកម្ទេច ចោលភ្លាមៗនាថ្ងៃបន្ទាប់ផងដែរ។

ជាមួយគ្នានេះដែរ សាខា ក.ប.ប. ខេត្តកែប កំពង់ស្ពឺ បន្ទាយមានជ័យ រតនគិរី និងរាជធានី ភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ដែលទទួលបានអាណិត្តផ្តល់ដោយច្បាប់ បានបន្តឃ្លាំពិនិត្យទីផ្សារតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់លើទំនិញហូបចុក ទំនិញ វេចខ្ចប់ស្រេចគ្រប់ប្រភេទដែលដាក់លក់លើទីផ្សារ។ ជាលទ្ធផល មន្ត្រី ក.ប.ប. បានរក ឃើញ និងដកហូតនូវទំនិញចម្រុះពុំមានអនុលោមភាព សរុបចំនួន ១២១.៣៦គក រួមទាំងបង្គាមានចាក់ចាហួយ ចំនួន ៧.៧គក និងបានបន្តអប់រំដល់បងប្អូនអាជីវករ អំពីច្បាប់ ដើម្បីឱ្យបានយល់ដឹង ចូលរួមអនុវត្ត និងជៀសផុតពីទណ្ឌកម្មនៃច្បាប់៕

អត្ថបទ៖ចតុមុខ

Share.