បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនាំគ្នានៅមុខសាលាក្រុងប៉ោយប៉ែតសុំឲ្យអាជ្ញាធរសមត្ថកិច្ចជួយអន្តរាគមន៍ដែលម្ចាស់ហាងមាសពេជ្រ និងវេរលុយយីហោថុង រស្មីហៅមនោរម្យ យកលុយពួកគាត់រាប់សិបលានដុល្លារគេចខ្លួនបាត់ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅមុខសាលាក្រុងប៉ោយប៉ែត និងនៅក្នុងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។


ប្រជាពលរដ្ឋដែលមកសុំកិច្ចអន្តរាគមន៍នេះបានលើកឡើងថា៖ ការមកប្រមូលផ្តុំគ្នាប្រមាណ៥០នាក់ នៅព្រឹកនេះ គឺសុំឲ្យសមត្ថកិច្ច និងអាជ្ញាធរ ឲ្យជួយស្វែងរកម្ចាស់ហាង យីហោ ថុង រស្មី ហៅមនោរម្យ ចេញមុខមកដោះស្រាយដើម្បីយកលុយមកវិញ ដែលពួកគាត់ប្រមាណជាង១០០នាក់ បានយកប្រាក់ទៅដាក់ជាមួយម្ចាស់ហាង ថុង រស្មីហៅមនោរម្យ ដើម្បីទទួលបានការប្រាក់ និងអ្នកខ្លះទៀតដាក់ប្រាក់ដើម្បីទុកបង្វិលលុយ ឬប្តូរប្រាក់បរទេសសំរាប់ទូទាត់ទំនិញដែលកម្ម៉ង់ពីប្រទេសក្រៅ។


ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ អ្នកខ្លះបានដាក់ប្រាក់ក្នុងម្នាក់ រាប់សែនដុល្លារ និងរាប់១លានដុល្លារដើម្បីស៊ីការប្រាក់ ពីម្ចាស់ហាង យីហោ ថុង រស្មី ហៅមនោរម្យ ដែលមានប្តីឈ្មោះ ថុង រស្មី ភេទប្រុស អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ហេង មួយឡេង ភេទស្រី អាយុ៣៩ឆ្នាំជាម្ចាស់ហាងលក់មាសពេជ្រនិងវេរលុយដែលបានវិចលុយហើយបិទទ្វាររត់បាត់រយៈពេលជិត១ខែដែលប្រជាពលរដ្ឋជាម្ចាស់បំណុលរងចាំចេញមុខមកដោះស្រាយ។


ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ដោយនាំគ្នាដាក់ប្រាក់ និងដំកល់ប្រាក់គ្រាន់បំវិលលុយទិញទំនិញផ្សេងៗនេះ គឺរកស៊ីមានទំនុកចិត្តរាប់សិបឆ្នាំមកហើយតាំងពីជំនាន់ឪពុកម្តាយ ម្ចាស់ហាងនេះម្លេះ មានកេរ្តិ៍ឈ្មោះល្អ ទើបនាំគ្នាទុកចិត្ត រហូតដល់មានអ្នកថ្មីៗមកដាក់លុយបន្តៗ ខ្លះ៣ម៉ឺនដុល្លារ ១០ម៉ឺនដុល្លារ ខ្លះដាក់ជាលុយបាត រាប់លានបាត ខ្លះទៀតរហូតជាង១លានដុល្លារ ដែលសរុបជាលុយរាប់សិបលានដុល្លារ មកដល់ជំនាន់កូន ស្រាប់តែបិទទ្វារហាង វិចលុយគេចខ្លួនបាត់ ទើបសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរសមត្ថកិច្ចឲ្យជួយ។


លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ រហូតដល់ពេលនេះមន្ត្រីនគរបាលជំនាញបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលចាញ់បោកម្ចាស់ហាងលក់មាសពេជ្រវេរលុយមានប្រមាណជាង៥០នាក់ក្នុងនោះអ្នករស់នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក/ក្រុង និងខេត្ត នគរបាលជំនាញនឹងបញ្ជូនពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសុំដីការបង្គាប់ពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវនិងនាំខ្លួនមកដោះស្រាយបំណុលហើយអនុវត្តតាមច្បាប់៕

អត្ថបទ៖ប៉ោយប៉ែត

Share.