ភ្នំពេញ ៖ ប្រពន្ធសង្វេគ អាណិតខ្លោចចិត្ត បន្ទាប់ពីប្រទះឃើញប្តីដេកស្លាប់ឱបកូនស្រីអាយុទើប៨ខែនៅក្នុងបន្ទប់ ជួលកាលពីព្រលឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបន្ទប់ជួលលេខ២២ ជាន់ទី១ តាមផ្លូវបេតុង ក្រុម ទី៤ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសខាងលើ ឈ្មោះ មឿន ទិញ ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ មានប្រពន្ធឈ្មោះ ស្រស់ សេងហុង អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហាង មានស្រុកកំណើត ភូមិឈើទាល ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង មានកូនស្រី២នាក់ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ។

បើតាមស្ត្រីឈ្មោះ ស្រស់ សេងហុង ត្រូវជាភរិយារបស់សព បានឲ្យដឹងថា ប្តីរបស់គាត់មានជម្ងឺលើសជាតិអាសុីត ហើមជើង២ថ្ងៃមកហើយ រាល់យប់ឲ្យជួយមើលកូន ចំណែកគាត់ទៅធ្វើការងារ ហើយនៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ គ្រាដែលគាត់ចេញទៅធ្វើការងារនៅហាង ទុកកូនស្រីអាយុ៨ខែឲ្យនៅដេកជាមួយប្តី រហូតដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រញាប់ប្រញាល់សុំចេញមុនម៉ោង មកដល់បន្ទប់ គ្រាន់តែរុញទ្វារចូល ប្រទះឃើញប្តីដេកស្លាប់ឱបកូនស្រី ឃើញហើយសង្វេគ អាណិតខ្លោចចិត្ត ស្រែកហៅម្ចាស់ផ្ទះ អ្នកក្បែរខាងឲ្យជួយទៅមើល ។

សពបុរសខាងលើ នៅព្រឹកថ្ងៃដដែល ត្រូវបានកម្លាំងសមត្ថកិច្ចសននងការក្រុងភ្នំពេញ មូលដ្ឋាន អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តព្រៃវែង ៕

អត្ថបទ៖ តាតុងសែនជ័យ

