​ឯកឧត្តម ងួន ស្ដេចភក្ដី ដែលទើបត្រូវបានព្រះមហាក្សត្រត្រាស់បង្គ្រាប់តែងតាំងទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្រ្តី មានអតីតភាពជាក្មេងកំព្រា នៅភូមិកន្លង់ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាសខេត្តកំពត។ ក្នុងជីវិតជាក្មេងកំព្រា គឺឯកឧត្តមកំព្រារឪពុកតាំងពីមិនទាន់ដឹងក្ដី និងត្រូវរស់ក្នុងស្ថានភាពលំបាកជាមួយអ្នកម្ដាយ បន្ទាប់ពីអ្នមានគុណទាំងពីរចែកផ្លូវគ្នា។

យ៉ាងណាក៏ដោយ វត្តអារាមបានផ្ដល់ក្ដីសង្ឃឹមថ្មីមួយទៀតសម្រាប់កុមារកំព្រាក្រីក្ររូបនេះ។ ក្នុងកម្មវិធីតុកញ្ចក់ របស់សារព័ត៌មានត្រយង ឯកឧត្តម ងួន ស្ដេចភក្ដី បានរម្លឹកថា«និយាយពីប្រវត្តិគ្រួសារគឺពិបាកនិយាយណាស់ តែដោយសារគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាយបាត្រ…»។ ឯកឧត្តមបន្តថាក្នុងអាយុ១១ឆ្នាំ ឯកឧត្តមក៏បានសុំអ្នកម្ដាយ និងឪពុកធំទៅផ្ញើជីវិតក្នុងវត្តធម្មយុត្តិមួយដែលទើបបង្កើតនៅក្បែរផ្ទះ។

រៀនសូត្រព្រះធម៌នៅវត្តភ្នំល្ងក្នុងខេត្តកំពតបានមួយរយៈធំ ឯកឧត្តមត្រូវបានព្រះចៅអធិការបំបួស និងបន្តការសិក្សាព្រះធម៌ ព្រះន័យ ព្រមទាំងចំណេះដឹងទូទៅតាមបណ្ដាវត្តនានាជាច្រើនកន្លែង ទាំងនៅខេត្តកំពត ខេត្តកោះកុង និងខេត្តកំពង់ចាម រហូតប្រឡងចូលរៀនវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តស្វាយពពែ។ នៅវត្តស្វាយពពែ រាជធានីភ្នំពេញនោះហើយដែលឯកឧត្តមទទួលការទុកព្រះទ័យជាបន្តបន្ទាប់ពីសម្ដេចព្រះសង្ឃរាជ បួរ គ្រី។

ក្នុងភេទជាអ្នកបួសនៅព្រះជន្ម១៩ព្រះវស្សា ឯកឧត្តម ងួន ស្ដេចភក្ដី ក៏បានក្លាយជាលេខាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ និងទទួលបានឱកាសអភិវឌ្ឍន៍ខ្លួនក្នុងការងារព្រះពុទ្ធសាសនា និងការរដ្ឋបាលសង្ឃជាបន្តបន្ទាប់ រហូតក្លាយជាព្រឹទ្ធបុរសនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ហើយបន្ទាប់មកក៏ទទួលបានការផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យតែម្ដង។

សូមបញ្ជាក់ថាសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ទន្ទឹមនឹងតួនាទីដូចបានបញ្ជាក់ខាងលើនេះ ឯកឧត្តម ងួន ស្ដេចភក្ដី ក៏មានមុខតំណែងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងដែរ។

ដើម្បីជ្រាបច្បាស់អំពីសាវតារឯកឧត្តម ងួន ស្ដេចភក្ដី និងអំពីបេសកកម្មរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងវិស័យសិក្សាធិការជាតិទាំងពុទ្ធចក្រ និងអាណាចក្រ សូមរង់ចាំតាមដានទស្សនាកម្មវិធី«តុកញ្ចក់»របស់សារព័ត៌មានត្រយង លើហ្វេសប៊ុកផេក Troryorng – ត្រយង Troryorng TV និង យូធូប Troryorng Media – YouTube ចាក់ផ្សាយនៅម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ និងម៉ោង៩ព្រឹកថ្ងៃអាទិត្យ៕

Share.