មន្ត្រីរដ្ឋបាលក្រុងបូកគោ រួមគ្នាបដិសេធ ចំពោះការផ្សព្វផ្សាយបំភ្លៃការពិតរបស់គណនី ហ្វេសប៊ុកនិងបណ្តាញផ្សព្វផ្សាយក្នុងស្រុក មួយចំនួនដែលថា ប្រជាពលរដ្ឋរាប់រយគ្រួសារ និងមន្ត្រីក្រុងបូគោបានរួមគ្នាផ្តិតមេដៃប្តឹង ទៅអភិបាលខេត្តកំពតឲ្យដកអភិបាល ក្រុងបូកគោលោកស្រី ងិន ផលរ័ត្ន លោក សេង បិ នាយករដ្ឋបាលក្រុងនិង លោកអេង ប៉ូឡូប្រធានមន្ទីរបរិស្ថានខេត្តកំពត។
តាមរយៈលិខិតដោយមានទាំងស្នាមមេដៃផងនោះ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ មន្ត្រី រាជការ និង មន្រ្តីស្ម័គ្រចិត្ត នៃរដ្ឋបាលក្រុងបូកគោ សូមគាំទ្រការដឹកនាំរបស់ លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ និងលោក សេង បិ នាយករដ្ឋបាលក្រុង ដែលតែងតែយក ចិត្តទុកដាក់ និងណែនាំពន្យល់ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ឱ្យមានការសហការ សាមគ្គីភាព និងទំនាក់ទំនងផ្ទៃក្នុងបានល្អ និងអនុវត្តតាមការងារ តួនាទី ភារកិច្ច ស្របតាមនីតិវិធីច្បាប់ ជាពីសេសការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាជូន ដល់ ប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលក្រុងបូកគោបានស្នើឲ្យគណនីហ្វេសប៊ុកនិងសារព័ត៌មានដែលបានចុះផ្សាយ ព័ត៌មានបំភ្លៃមិនពិតនោះដកការផ្សព្វផ្សាយរបស់ខ្លួនចេញ ព្រមទាំងស្នើឲ្យមានការ សុំទោស ជាសាធារណៈផងដែរ ប្រសិនបើមិនដូច្នេះទេ រដ្ឋបាលក្រុងនឹងពិនិត្យ ស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ជាធរមាន៕









