បាត់ដំបង៖ មុខសញ្ញាពាក់ព័ន្ធករណីលួចម៉ូតូចំនួន ៤នាក់ត្រូវសមត្ថកិច្ចតំបន់ដែនស្រុកសំពៅលូនឃាត់ខ្លួនអនុវត្តច្បាប់បញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កម្លាំងផ្នែកជំនាញអធិការស្រុកសំពៅលូន សហការជាមួយកម្លាំងនគរបាលប៉ុស្ត៍នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៣នេះបានបំបែកករណីលួចម៉ូតូមួយលើកនៅត្រង់ចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន រហូតស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ជាបន្តបន្ទាប់ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាប្រជាពលរដ្ឋ។

ជនជាប់សង្ស័យមានឈ្មោះជូ ប៊ុនធឿន ភេទប្រុស អាយុ ១៧ ឆ្នាំ, ឈ្មោះជា ខេន ភេទប្រុស អាយុ ២២ ឆ្នាំ, ឈ្មោះ បឿន លាង ហៅ តុង  ភេទប្រុស អាយុ ២៧ ឆ្នាំ និងឈ្មោះរស់ ស្រីណែត ភេទស្រី អាយុ ១៦ ឆ្នាំ ទាំងអស់គ្នាមានលំនៅក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ករណីដដែលនេះកម្លាំងនគរបាលដកហូតបាននូវម៉ូតូចំនួន ២គ្រឿង ដោយមួយគ្រឿងជាម៉ូតូក្រុមជនសង្ស័យជិះធ្វើសកម្មភាពមានម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០១៣ ពាក់ស្លាកលេខបន្ទាយមានជ័យ ១H-៩៣៣១ រីឯម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះម៉ាកហុងដាឃ្លីក ពណ៌សខ្មៅ សេរីឆ្នាំ ២០២១ គ្មានស្លាកលេខ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យទាំង ០៤ នាក់ ក្រោយឆ្លើយសារភាពពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូខាងលើមែន កម្លាំងនគរបាលស្រុកសំពៅលូនបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យបន្តដើម្បីមានវិធានតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.