គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ បានឯកភាពលើសេចក្ដីសម្រេចព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន សម្រាប់ប្រធាន អនុប្រធាន និងសមាជិក សរុបទាំង៩រូប នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយ គ.ជ.ប នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃដដែល។

សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់គេហទំព័រត្រយងបន្ថែមនៅថ្ងៃនេះថាការសម្រេចព្យួរសិទ្ធិបោះឆ្នោតសម្រាប់ថ្នាក់ដឹកនាំទាំង៩រូបនេះ គឺដើម្បីបញ្ជាក់បន្ថែមជូនសាធារណៈ ក្រែងមានយល់ច្រឡំថាហេតុអ្វីបានថ្នាក់ដឹកនាំទាំង៩រូបមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែរ ប៉ុន្តែមិនបានទៅបោះឆ្នោត ផ្ទុយពីអ្វីដែលស្ថាប័នមួយនេះកំពុងរៀបចំការបោះឆ្នោត និងអំពាវនាវឱ្យពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍បន្ថែមថា«មែនទែនទៅ ចាប់តាំងពីឆ្នាំ២០១៦មក ច្បាប់បានតម្រូវមិនឱ្យថ្នាក់ដឹកនាំ គ.ជ.ប ទាំង៩រូបទៅបោះឆ្នោត ហើយនេះជាផ្នែកមួយនៃការបញ្ជាក់បន្ថែមទៀតអំពីអព្យាក្រឹត្យភាពរបស់ស្ថាប័ន គ.ជ.ប»។ ឯកឧត្តម ហង្ស ពុទ្ធា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រៀមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញ។

សូមបញ្ជាក់ថាថ្នាក់ដឹកនាំ គ.ជ.ប ទាំង៩រូបនាពេលបច្ចុប្បន្ន រួមមាន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន, ឯកឧត្តម នុត សុខុម អនុប្រធាន និងសមាជិក៧រូបទៀត រួមមានឯកឧត្តម មាន សទិ, ឯកឧត្តម ឌឹម សុវណ្ណារុំ (អ្នកនាំពាក្យ), ឯកឧត្តម ឌុច សុន, ឯកឧត្តម ហ៊ីង ធីឬទ្ធិ, ឯកឧត្តម ឯម សូផាត, ឯកឧត្តម ហ៊ែល សារ៉ាត់ និងឯកឧត្តម ហង្ស ពុទ្ធា (អ្នកនាំពាក្យ)៕

Share.