ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រាក់១ម៉ឺនដុល្លារ។

ជនសង្ស័យឈ្មោះ ឡោ សុជាតិ ភេទប្រុសអាយុ៤២ឆ្នំា ជនជាតិខ្មែរ  មុខរបរនៅផ្ទះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២៣ នៅផ្ទះលេខ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សូមជម្រាបថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ មាស វិវឌ្ឍន៍ ភេទស្រីអាយុ៣១ឆ្នំា បានបណ្តឹងលើឈ្មោះ ឡោ សុជាតិ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រាក់១ម៉ឺនដុល្លារ ។

សូមបញ្ជាក់ថា អង្គហេតុដែលនាំឲ្យមានការចាប់ខ្លួនជនសង្ស័យឈ្មោះ ឡោ សុជាតិ កាលពីថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២២ ជនសង្ស័យបានទំនាក់ទំនងទៅជនរងគ្រោះ ជនជាតិម៉ាឡេស៊ី ជាថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បីដាក់ទុនរកស៊ីនូវទំហំទឹកប្រាក់១ម៉ឺនដុល្លារ ។ ដោយមានការទុកចិត្ដថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានប្រគល់ប្រាក់ចំនួន១ម៉ឺនដុល្លារ ឲ្យទៅឈ្មោះ ឡោ សុជាតិ ហើយជនសង្ស័យបានធានាអះអាងថានឹងប្រគល់ប្រាក់គ្រប់ចំនួនឲ្យជនរងគ្រោះវិញ។ ហើយជនសង្ស័យឈ្មោះ ឡោ សុជាតិ បានចេញមូលប្រទានប័ត្រមួយសន្លឹក របស់ធានាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឲ្យមកថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍។

ក្រោយមកថៅកែរបស់ខ្លួនឈ្មោះ មាស វិវឌ្ឍន៍ បានយកមូលប្បទានប័ត្រខាងលើទៅបើកប្រាក់នៅធនាគារ ហើយខាងធានាគារ ប្រាប់មកជនរងគ្រោះថាគណនីនេះគ្មានប្រាក់ទេ។ ហើយឈ្មោះ មាស វិវឌ្ឍន៍ បានទំនាក់ទំនងទៅជនសង្ស័យឈ្មោះ ឡោ សុជាតិ គ្រប់មធ្យោបាយតែជនសង្ស័យបានគេចវេសបិទទូរស័ព្ទមិនអាចទាក់ទងបាន។ អង្គរខាងលើនេះហើយដែលធ្វើឲ្យជនរងគ្រោះអស់ជំនឿចិត្តក៏សម្រេចចិត្តបណ្តឹងជនសង្ស័យតែម្តង៕

អត្ថបទ៖ចតុមុខ

Share.